បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo មិនបានបង្ហាញថា រូបគេចង់ចាកចេញពីក្លិប Juventus ឡើយ និងត្រូវបានរំពឹងទុកថា នឹងវិលទៅកាន់ទីក្រុង Turin វិញ នៅចុងខែនេះ។ នេះបើយោងទៅតាមការបញ្ជាក់របស់ប្រធានក្លិបលោក Pavel Nedved កាលពីថ្ងៃពុធ។
ក្នុងពេលប្រកាសពីកម្មវិធីប្រកួតសម្រាប់រដូវកាលឆ្នាំ២០២១-២០២២ លោកNedved បានឲ្យដឹងថា៖ «Cristiano កំពុងសម្រាកវិស្សមកាល។ យើងគ្មានសញ្ញាដែលបង្ហាញថា រូបគេចង់ចាកចេញឡើយ។ យើងកំពុងតែរង់ចាំរូបគេ ហើយរូបគេនឹងវិលត្រឡប់មកវិញនៅថ្ងៃទី២៥ ខែកក្កដា តាមការគ្រោងទុក»។ តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់វ័៣៦ឆ្នាំរូបនេះ នៅសល់រយៈពេល១ឆ្នាំទៀតក្នុងកិច្ចសន្យារបស់គេ។ អនាគតរបស់គេ បានស្ថិតក្នុងភាពមិនច្បាស់ ក្រោយពីជួបយុទ្ធនាការដ៏ត្រដាបត្រដួស ជាមួយនឹង Juventus ដែលបានបាត់បង់ពាន Serie A ក្រោយពីគ្រប់គ្រងអស់រយៈពេល៩ឆ្នាំ ធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងវគ្គ១៦ក្រុមចុងក្រោយ និងបានឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុបនេះ ទាំងប្រផិតប្រផើយតាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ នៅថ្ងៃចុងក្រោយ។
Juventus នឹងចាប់ផ្តើមរដូវកាលថ្មីរបស់ខ្លួន នៅលើទឹកដីក្រុម Udinese ខណៈដែលលោក Massimilano Allegri ដែលត្រូវបានបណ្តេញចេញ នឹងវិលទៅដឹកនាំក្លិបសេះបង្កង់វិញ បន្ទាប់ពីចាកចេញអស់រយៈពេល២ឆ្នាំ បើទោះបីឈ្នះពានលីក៥លើកជាប់ៗគ្នាជាមួយនឹងក្លិបនៅ Turin មួយនេះក៏ដោយ៕
ប្រភពព័ត៌មាន៖ Channel News Asia