ការរកបានត្រឹម១គ្រាប់របស់ខ្សែប្រយុទ្ធ Romario Reginaldo Alves បានក្លាយជាជ័យជម្នះយ៉ាងសំខាន់ សម្រាប់ក្រុមភ្ញៀវ កងយោធពលខេមរភូមិន្ទ (ទ័ព) ប៉ុន្តែគ្រាប់បាល់ដែលបានកើតឡើង តាំងពីនាទីទី ៤នេះ វាបានក្លាយកាំបិតយ៉ាងមុត ដែលបានកាត់ផ្តាច់ក្តីសង្ឃឹមរបស់ក្រុមម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ មិនឱ្យរកបានជ័យជម្នះ ទៅតាមគោលដៅរបស់ខ្លួនបាន។
នៅមុនការប្រកួត ដែលត្រូវបានធ្វើឡើង នៅកីឡដ្ឋានគិរីវង់សុខសែនជ័យ ក្នុងទឹកដីខេត្តតាកែវ កាលពីថ្ងៃពុធ ម្សិលមិញនេះ អគ្គលេខាធិការរងក្លិបគិរីវង់សុខសែនជ័យ លោក ឯម តារា បានអះអាងថា ទាំងក្រុមកីឡាករ និងគ្រូបង្វឹក បានផ្តោតខ្លាំងទៅលើការជួបទ័ព ហើយ គ្រប់គ្នាបានប្តេជ្ញាចិត្តថា នឹងព្យាយាមយកឱ្យបាន៣ពិន្ទុ ដើម្បីបំពេញការខកចិត្ត ចំពោះការចាញ់ក្រុមបឹងកេត ១-០ កាលពីថ្ងៃសៅរ៍។
ប៉ុន្តែតាមរយៈការប្រកួតជាក់ស្តែង ក្រុមគិរីវង់ នៅតែបន្តជួបការខកចិត្ត ដោយបានចាញ់ក្រុមទ័ព ១-០ ដ៏គួរឱ្យសោកស្តាយបំផុត ខណៈការព្យាយាមវាយបករបស់ពួកគេ រកមិនបានផលត្រឡប់មកវិញនោះ ហើយលទ្ធផលនេះ បានធ្វើឱ្យ គិរីវង់ បន្តឈរនៅលេខ៨ ដោយមាន៩ពិន្ទុដដែល ជាមួយការឈ្នះ៣ និងចាញ់៧ដង។ ប៉ុន្តែក្រុមទ័ព បានហក់ពីលេខ៧ ទៅឈរនៅលេខ៣ ជាបណ្តោះអាសន្ន ដោយមាន១៤ពិន្ទុ ជាមួយការឈ្នះ៤ ស្មើ២ និងចាញ់១ដង។
សម្រាប់ការប្រកួត កាលពីថ្ងៃពុធនោះដែរ ក្រុមណាហ្គាវើលដ៍ បានបន្តយកឈ្នះក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប ៥-៣ ហើយខ្សែប្រយុទ្ធ Marcio និង Fumiya Koure សុទ្ធតែរកបាន២គ្រាប់ឱ្យណាហ្គាវើលដ៍ រីឯ១គ្រាប់ទៀត រកបានដោយខ្សែប្រយុទ្ធ នុប តុលា។ ចំណែក៣គ្រាប់របស់អាស៊ីអឺរ៉ុប រកបានដោយខ្សែប្រយុទ្ធជើងចាស់ សុក ច័ន្ទរស្មី ២គ្រាប់ និង Gbenga Samuel ១គ្រាប់។
តាមរយៈការឈ្នះ៣ពិន្ទុ នៅក្រៅទឹកដីនេះ បានជួយឱ្យក្រុមណាហ្គាវើល ហក់ពីលេខ៦ មកឈរនៅលេខ២ ដោយមាន១៤ពិន្ទុ ជាមួយការឈ្នះ៤ ស្មើ២ និងចាញ់១ប្រកួត។ តែទោះបីជាយ៉ាងណា ចំណាត់ថ្នាក់នេះ អាចនឹងមានការប្រែប្រួលវិញ បន្ទាប់ពីជំនួបរវាងក្រុមខ្លាំងៗ ដែលត្រូវធ្វើ នៅថ្ងៃនេះ ដោយក្នុងនោះ ក្រុមលេខ១ អង្គរថាយហ្គឺរ ត្រូវជួប ក្រុមលេខ៣ វិសាខា នៅរសៀលម៉ោង ៣:៣០ ហើយក្រុមភ្នំពេញក្រោន ត្រូវទទួលក្រុមព្រះខ័នរាជស្វាយរៀង នៅល្ងាចម៉ោង ៦៕