កីឡាករជាប្រធានក្រុមរបស់ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន បានគិតថា ការវិលមកជួបក្រុមព្រះខ័នរាជស្វាយរៀង នៅលើទឹកដីខ្លួនឯង នាល្ងាចម៉ោង៦ថ្ងៃ ព្រហស្បតិ៍នេះ របស់របស់គេ អាចនឹងមានការលំបាក ក្នុងការប្រជែងរក៣ពិន្ទុ បើទោះបីជា ប៉ុន្មានប្រកួតចុងក្រោយនេះ ក្រុមស្វាយរៀង ធ្វើមិនសូវបានល្អក៏ដោយ។
ការដាក់ក្តីបារម្ភ របស់កីឡាករជម្រើសជាតិកម្ពុជា អ៊ន ចាន់ប៉ូលីន បែបនេះ ក៏ព្រោះតែ ក្រុមភ្នំពេញក្រោន បានខកខានប្រកួតជាង១ខែមកហើយ ហេតុនេះការវិលមកកាន់ទីលានប្រកួតជាថ្មីនេះ ប្រធានក្រុម ចាន់ប៉ូលីន គិតថា វាអាចនឹងប៉ះពាល់ដល់ទម្រង់លេងខ្លះរបស់ក្រុម។
តាមរយៈក្លិបភ្នំពេញក្រោន ផ្ទាល់ អ៊ន ចាន់ប៉ូលីន បានលើកឡើងថា៖ «យើងខានប្រកួតយូរហើយ ពេលនេះយើងមានការប្រកួតវិញ ខ្ញុំមានអារម្មណ៍សប្បាយចិត្ត ព្រោះយើងហាត់ ដើម្បីមានការប្រកួត បើមិនមានការប្រកួត គឺវារាងធុញបន្តិច។ ខ្ញុំគិតថា ការខកខានយូរនេះ វាអាចមានផលប៉ះពាល់តិចតួច ដល់ទម្រង់លេង និងអារម្មណ៍របស់ក្រុម ព្រោះពួកយើងខានប្រកួតយូរ មិនដូចក្រុមគេ ដែលមានប្រកួតច្រើនជាងយើង អ៊ីចឹងទឹកចិត្ត និងឆន្ទៈ វាអាចប៉ះពាល់ដែរ តែសង្ឃឹមថា វាមិនប៉ះខ្លាំងពេកទេ»។
យ៉ាងណាក៏ដោយ ប្រធានក្រុមវ័យ២៣ឆ្នាំ អ៊ន ចាន់ប៉ូលីន នៅតែសង្ឃឹមថា ពួកគេ នឹងដណ្តើមបាន៣ពិន្ទុ។ «វានឹងអាចជាការប្រកួតមួយដ៏ស្វិតស្វាញ និងតានតឹង ហើយវាក៏ជាការប្រកួត ដែលពិបាកក្នុងការរកពិន្ទុផងដែរ។ ទោះបីជាប៉ុន្មានប្រកួតចុងក្រោយ គេធ្វើមិនសូវបានល្អ ប៉ុន្តែខ្ញុំជឿជាក់ថា ស្វាយរៀង នៅតែជាក្រុមខ្លាំងមួយ ហើយគេនឹងព្យាយាមកែប្រែ ដើម្បីរកពិន្ទុ និងជ័យជម្នះមកវិញ។ តែទោះបីជាយ៉ាងណា ខ្ញុំនៅតែជឿជាក់លើក្រុមរបស់ខ្ញុំថា ពួកយើង នឹងធ្វើបាន៣ពិន្ទុក្នុងទឹកដីរបស់យើង ព្រោះយើងត្រូវការពិន្ទុជាចាំបាច់ ដើម្បីប្រជែងកំពូលតារាង»។
គិតមកដល់ពេលនេះ ក្រុមភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង មាន១២ពិន្ទុដូចគ្នា ប៉ុន្តែក្រុមស្វាយរៀង បានប្រកួតចំនួន៦លើកហើយ ដោយឈ្នះ៤ និងចាញ់២ប្រកួត ចំណែកភ្នំពេញក្រោន ទើបប្រកួតបានត្រឹម៤លើកទេ ដោយឈ្នះទាំងអស់ ហើយក្នុងនោះពួកគេ ក៏បានឈ្នះក្រុមបឹងកេត ២-១ ផងដែរ។
យ៉ាងណាក៏ដោយ សម្រាប់ការជួបក្រុមស្វាយរៀង លើកនេះ វាអាចនឹងមានការពិបាកច្រើន ហើយតាមលទ្ធភាពរវាងក្រុមទាំង២នេះ គឺអាចមានឱកាសដាក់សម្ពាធគ្នា និងរកបានគ្រាប់បាល់ដូចគ្នា ដែលមិនទាន់អាចវាយតម្លៃបានថា ក្រុមមួយណា ជាអ្នកឈ្នះបាននោះទេ គឺលុះត្រា ចប់ការប្រកួត៩០នាទីពេញ ទើបដឹងច្បាស់ ព្រោះទាំង ភ្នំពេញក្រោន និងស្វាយរៀង មានមហិច្ឆតា ដណ្តើមឱ្យបាន៣ពិន្ទុដូចគ្នា៕