ខ្សែប្រយុទ្ធ ធ្លាប់សាងបានភាពល្បីល្បាញខ្លាំង នៅក្នុងវិស័យបាល់ទាត់ចាន់ វឌ្ឍនាកា បានធ្វើឱ្យអ្នកគាំទ្រ មើលឃើញជាថ្មីម្តងទៀតថា ទម្រង់លេងដ៏ល្អរបស់គេ បានវិលមកវិញហើយ បន្ទាប់ពីអតីតក្រុមជម្រើសជាតិកម្ពុជារូបនេះ រកបាន២គ្រាប់ ដើម្បីជួយឱ្យក្រុមបឹងកេត ឈ្នះក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) កាលពីថ្ងៃអាទិត្យ។
សម្រាប់ការប្រកួតនៅលើទឹកដីខ្លួនឯង នៃកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នោះក្រុមបឹងកេត ស្ទើរតែអស់កលល្បិច និងវិធីសាស្រ្ត ក្នុងការទម្លុះរនាំងការពាររបស់ក្រុមទ័ព ដើម្បីរកជ័យជម្នះទៅហើយ ខណៈការព្យាយាមវាយលុករបស់ពួកគេជាបន្តបន្ទាប់ អាចរយៈពេលជាង១ម៉ោង មិនអាចធ្វើអ្វីក្រុមទ័ព បាននោះ ផ្ទុយពីនេះ ពួកគេ ក៏បានជួបការភិតភ័យម្តងម្កាល តាមរយៈការវាយបនកលឿនៗរបស់ក្រុមទ័ព ផងដែរ។
យ៉ាងណាក៏ដោយ ខណៈការប្រកួតកាន់តែតានតឹង ហើយពេលវេលាកាន់តែជិតអស់ដែរនោះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បែរជាអាចរកបានគ្រាប់បាល់បើកឆាក នៅក្នុងស្ថានភាពដ៏គួរឱ្យចង់ជឿ នៅនាទីទី៦៩ គឺរូបគេបានរត់ទៅទាត់បាល់ ដែលភ្លាត់ចេញពីដៃអ្នកចាំទី ពីការស៊ុតរបស់ ម៉ាត់ នូរុណ បានយ៉ាងលឿន បើទោះបីជាពេលនោះ ខ្សែការពារម្នាក់របស់ទ័ព បានលើកជើងបាំង យ៉ាងកៀក ទៅនឹងបាល់នោះក៏ដោយ។
បន្ថែមលើនេះ ចាន់ វឌ្ឍនាកា បានរកឃើញគ្រាប់បាល់ទី២របស់ខ្លួន នៅនាទីទី៨២ ខណៈគ្រាប់បាល់នេះ បណ្តាលមកពីអ្នកចាំទីរបស់ក្រុមទ័ព លោតចាប់បាល់មិនបានល្អ ធ្វើឱ្យនោះផុតដៃ ធ្លាក់មកដល់ជើង ចាន់ វឌ្ឍនាកា តែម្តង។
ការបន្តជួយឱ្យក្រុមបឹងកេត ទទួលបានជ័យជម្នះ សម្រាប់ការលេង ក្នុងនាមជាកីឡាករជម្រើសដំបូង ជាលើកទី ៤ នេះ បានបង្ហាញឱ្យឃើញថា អតីតខ្សែប្រយុទ្ធធ្លាប់មានឈ្មោះល្បីល្បាញខ្លាំង ចាន់ វឌ្ឍនាកា បានវិលមកវិញហើយ ហើយអ្នកគាំទ្រ ក៏ចាប់ផ្តើមផ្តល់ការគាំទ្រ និងជឿជាក់ជាថ្មី ដល់រូបគេ ផងដែរ បន្ទាប់ពី វឌ្ឍនាកា បានធ្លាក់ទម្រង់លេង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
នៅក្រោយការជួយឱ្យក្រុមបឹងកេត ទទួលបាន៣ពិន្ទុនេះ ចាន់ វឌ្ឍនាកា
ក៏បានធ្វើរឿងដ៏គួរឱ្យសរសើរមួយផងដែរ ដោយរូបគេបានទៅសម្តែងការគួសម និងគោរពទៅដល់អ្នកចាត់ការក្រុមទ័ព លោក Lee Tae Hoon ដែលជាអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ហើយក៏ជាគ្រូបង្វឹកម្នាក់ ដែលបានជួយជំរុញឱ្យ វឌ្ឍនាកា មានឈ្មោះល្បីល្បាញខ្លាំង នៅក្នុងក្រុមជម្រើសជាតិកម្ពុជា ផងដែរ។
ភ្ជាប់ជាមួយរូបភាពមួយសន្លឹក ដែលរូបគេ បានទៅសម្តែងការគួសមដល់លោក Lee នោះ ចាន់ វឌ្ឍនាកា បានសរសេរបង្ហោះ នៅលើផេចហ្វេសប៊ុករបស់ខ្លួនថា៖ «បាល់ទាត់ គឺបែបនេះ ថ្ងៃណាមួយក៏ត្រូវប្រឈមមុខជាមួយគ្នា។ អរគុណរាល់ការផ្ដល់ដំបូន្មានកន្លងមក ខ្ញុំនៅតែគោរពអរគុណលោកគ្រូ (Lee Tae Hoon) សង្ឃឹមថ្ងៃមួយ យើងនឹងបានធ្វើការជាមួយគ្នាម្ដងទៀត»៕