កីឡាករ ប្រាក់ ធីវ៉ា របស់ក្រុម​ភ្នំពេញ​ក្រោន និង​ខ្សែ​ប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyemi Korede របស់​ក្រុមវិសា ​បាន​ក្លាយ​ជា​បេក្ខភាព​ទី​៥ និងទី​៦ បន្ធាប់​ពី​ខ្សែ​ប្រយុទ្ធ Haber Marcus របស់ក្រុម​វិសាខា (រក​បាន​៤គ្រាប់) ព្រមទាំង​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា របស់បឹងកេត ខ្សែ​ប្រយុទ្ធ Abee របស់អាស៊ីអឺរ៉ុប និង​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Marcio របស់​ណាហ្គាវើលដ៍ ដែល​អាច​រកបាន​៣​គ្រាប់ ក្នុង​១​ប្រកួត សម្រាប់ការ​ប្រកួតលីគកំពូល​កម្ពុជា ឆ្នាំ​២០២១។

ការ​ធ្វើ​បានហែតទ្រីក​របស់ ប្រាក់ ធីវ៉ា បាន​កើត​មាន​ឡើង នៅពេល​ក្រុម​ភ្នំពេញក្រោន បាន​លត់​ក្រុមប្រើកីឡាករ​ខ្មែរ​សុទ្ធ អគ្គិសនីកម្ពុជា ៦-០ នៅ​កីឡដ្ឋាន RSN របស់​ខ្លួន កាលពី​ថ្ងៃអាទិត្យ ខណៈ​៣​គ្រាប់​ទៀត​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Matheus ២គ្រាប់ និងខ្សែ​បម្រើប្រយុទ្ធ Nieto ១គ្រាប់។

ជាមួយការ​ឈ្នះ៣ពិន្ទុ​ពី​​ក្រុមអគ្គិសនី​កម្ពុជានេះ បាន​ជួយឱ្យ​ក្រុម​ភ្នំពេញ​ក្រោន បាន​ឡើង​ទៅ​ឈរ​នៅលេខ​រៀងទី​៣ ជាថ្មី បន្ទាប់ពីតំណែងមួយ​នេះ បាន​ធ្លាក់ទៅ​លើ​ក្រុមកង​យោធពលខេមរភូមិន្ទ (ទ័ព) កាលពី​សប្តាហ៍​មុន ប៉ុន្តែ​ការ​ប្រកួត​កាលពីថ្ងៃអាទិត្យ ម្សិលមិញ​ដែរ ទ័ព បានចាញ់ក្រុម​បឹងកេត ២-០។

ចំណែកខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា Ajayi Opeyemi Korede នៅតែ​ដើរតួនាទី​យ៉ាង​សំខាន់ ក្នុងការ​ជួយ​ដល់​ក្រុមវិសាខា រក​បាន​ជ័យជម្នះ ដោយការ​ប្រកួត កាលពី​ថ្ងៃអាទិត្យនោះ រូបគេ​រក​បាន​៣​គ្រាប់ ស្រប​ពេលប្រធាន​ក្រុម កែវ សុខផេង រក​បាន​២​គ្រាប់ ដើម្បី​ជួយឱ្យ វិសាខា យក​ឈ្នះក្រុមសូលទីឡូអង្គរ ៥-០។

ជាមួយការ​យក​ឈ្នះ​ក្រុម​សូលទីឡូអង្គរ ៥-០ នេះ ក្រុម​វិសាខា ក៏បាន​បង្កើត​កំណត់​ត្រាថ្មី​មួយ​ទៀត​ផងដែរ ដោយពួកគេ​​ប្រើ​ពេល​ត្រឹម​១៤នាទី ដើម្បីបាន​គ្រាប់​បាល់សរុប​រហូត​ដល់​៥​គ្រាប់ គឺ​មាន​ន័យ​ថា ទាំង​គ្រប់បាល់​របស់ Ajayi និង កែវ សុខផេង គឺ​បាន​កើតមានឡើង​ចន្លោះ​នាទីទី​៦៨ ដល់​ទី ៨២។

តាម​រយៈការ​ឈ្នះ​បាន៣ពិន្ទុ​បន្ថែម​នេះ​ដែរ វិសាខា មិនត្រឹមតែអាច​ពង្រឹងទីតាំង​លេខ​២​របស់ពួក​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្រុម​មួយនេះ ក៏មាន​ឱកាស​កាន់តែ​កៀក ក្នុងការ​ឈាន​ទៅ​ប្រជែង​យក​លេខ​១ ពី​ក្រុម​អង្គរ​ថាយហ្គឺរ ផងដែរ ព្រោះពេល​នេះ វិសាខា មានពិន្ទុតិចជាង អង្គរ​ថាយហ្គឺរ ត្រឹម​១ពិន្ទុ​ប៉ុណ្ណោះ គឺ​១៩ ទល់​នឹង​១៨ពិន្ទុ ហេតុនេះបើ​សិន អង្គរ​ថាយហ្គឺរ ភ្លាត់ស្មើ ឬ​ចាញ់​តែ​១​ប្រកួ វិសាខា នឹង​អាច​ប្រជែង​យក​ទីតាំងកំពូល​តារាងនេះ បានជា​មិន​ខាន៕