គ្រូបង្វឹកក្រុមណាហ្គាវើលដ៍ លោក មាស ចាន់ណា បានសារភាពថាក្រុមរបស់លោក មិនធ្លាប់ឈ្នះ ក្រុមអង្គរថាយហ្គឺរ នៅលើទឹកដីខេត្តសៀមរាប នេះ ម្តងណាទេ គឺមានតែចាញ់ និងស្មើ ចំណែកការវិលមកជួបគ្នាជាថ្មី នៅកីឡដ្ឋានអេសអយូ ខេត្តសៀមរាប នារសៀលម៉ោង ៣:៣០ ថ្ងៃអង្គារនេះ លោកថា នឹងកាន់តែមានភាពតានតឹងខ្លាំងជាងមុន។
លោក មាស ចាន់ណា បាននិយាយថា៖ «ការប្រកួតនេះ វាអាចនឹងមានភាពតានតឹងសម្រាប់ខ្ញុំ ដែលទាក់ទងទៅនឹងភាពមិនអំណោយផលនៃទីលានប្រកួត និងអាកាសធាតុ។ បន្ថែមលើនេះ យើងតែតែមានការពិបាក ពេលជួបអង្គរថាយហ្គឺរ នៅទីនេះ ព្រោះខ្ញុំមកប្រកួតនៅទីនេះ (សៀមរាប) មិនដែលបានឈ្នះក្រុមអង្គរថាយហ្គឺរ ទេ គឺមានតែចាញ់ និងស្មើ តែ អង្គរថាយហ្គឺរ ពេលទៅលេងនៅភ្នំពេញ មានតែចាញ់ខាងខ្ញុំ មិនដែលឈ្នះឡើយ គឺវាប្រៀបដូចជាការចែកទឹកដីគ្នាអ៊ីចឹងដែរ»។
ជាមួយគ្នានេះ លោក មាស ចាន់ណា បានមើលឃើញថា អង្គរថាយហ្គឺរ នៅពេលនេះ មានទម្រង់លេងល្អ និងមានការរីកចម្រើនជាងពីឆ្នាំមុនៗ ដោយសារមានកីឡាករបរទេសល្អៗ ជួយដល់ក្រុមនេះ ខណៈពេលនេះ អង្គរថាយហ្គឺរ កំពុងឈរនៅលើកំពូលតារាង ដោយមាន១៩ពិន្ទុ ជាមួយការឈ្នះ៦ ស្មើ១ និងទើបតែចាញ់ក្រុមវិសាខា ៣-១ ម្តងប៉ុណ្ណោះ ខណៈក្រុមណាហ្គាវើលដ៍ កំពុងឈរនៅលេខ៦ ដោយ៧ប្រកួតមកនេះ ពួកគេឈ្នះ៤ ស្មើ២ និងចាញ់១ប្រកួត។
គ្រូបង្គោលក្រុមណាហ្គាវើលដ៍រូបនេះ បានបញ្ជាក់ថា៖ «ចំពោះការវិលមកជួបគ្នាជាថ្មីនេះ យើងមិនទាន់អាចនិយាយបានថាយ៉ាងណាទេ គឺសម្រាប់ខ្ញុំ ៥០-៥០ ព្រោះអង្គរថាយហ្គឺរ ពេលនេះ ល្អជាងពីឆ្នាំមុនៗ ហើយខ្ញុំដឹងថា ពួកគាត់ ពិតជាចង់ឈ្នះក្រុមខ្ញុំខ្លាំងណាស់ ព្រោះបើមិនអាចឈ្នះក្រុមខ្ញុំទេ គឺអង្គរថាយហ្គឺរ វេទនា ឈានទៅដណ្តើមតំណែងជើងឯកហើយ»។
យ៉ាងណាក៏ដោយ លោក មាស ចាន់ណា បានបញ្ជាក់បន្ថែមថា៖ «ទោះយ៉ាងណា យើងក៏ចង់ឈ្នះដូចគ្នា ហើយយើងក៏អាចមានឱកាសផងដែរ នៅពេលក្រុមអង្គរថាយហ្គឺរ ចង់ឈ្នះយើងខ្លាំងបែបនេះ ព្រោះណាហ្គាវើលដ៍ តែងតែបង្កគ្រោះថ្នាក់ទៅឱ្យវិញ ចំពោះក្រុមដែលចង់ឈ្នះយើងខ្លាំង ហើយលេងវាយសម្រុកយើងនោះ»៕



