នៅបំផុតក្រុមណាហ្គាវើលដ៏របស់លោក មាស ចាន់ណា បានរកឃើញជ័យជម្នះជាលើកដំបូង លើក្រុមអង្គរថាយហ្គឺរ បានហើយ សម្រាប់ការប្រកួត នៅលើទឹកដីខេត្តសៀមរាប ប៉ុន្តែការរកឃើញលទ្ធផលឈ្នះ ដើម្បីលុបបំបាត់ភាពច្រំដែលនៃការទទួលបានត្រឹមលទ្ធផលស្មើ និងចាញ់របស់ ណាហ្គាវើលដ៍នេះ គឺវាកំពុងស្ថិតនៅក្នុងភាពចម្រូងចម្រាស ដែលនៅមិនទាន់ដាច់ស្រេចនៅឡើយទេ។
សម្រាប់ការប្រកួត នៅកីឡដ្ឋានអេសអយូ កាលពីថ្ងៃអង្គារ ម្សិលមិញនោះ ក្រុមណាហ្គាវើល បានយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ២-១។ ខ្សែប្រយុទ្ធ Marcio ជាអ្នករកបានគ្រាប់បាល់ទី១ឱ្យណាហ្គាវើលដ៍ តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ បានសម្រេច នៅនាទីទី៧៣ បន្ទាប់ពីខ្សែការពារ ស្រាំង ទិត្យឈី បានយកទៅទៅប៉ះបាល់ នៅក្នុងប្រអប់គ្រោះថ្នាក់។
នៅក្រោយការបង្កើតកំហុសនេះ ស្រាំង ទិត្យឈី ក៏ត្រូវបានពិន័យកាត ពេលដើរទៅប្តូរចេញ ក្នុងនាទីទី៧៩។ ទោះនៅគ្នាត្រឹម១០នាក់ ប៉ុន្តែ អង្គរថាយហ្គឺរ នៅតែអាចរកបានគ្រាប់បាល់ស្មើវិញ តាមរយៈកីឡាករ ថន សីហា នៅនាទីទី៨៣ គឺមុនពេលអង្គរថាយហ្គឺរ បាត់បង់ខ្សែការពារ ឈង់ ប៊ុនណាត ម្នាក់ទៀត ពេលអាជ្ញាកណ្តាលពិន័យកាតក្រហម នៅនាទីទី៨៦ ពីបទចាប់ទាញខ្សែបម្រើណាហ្គា សុះ ស៊ូហាណា។
បន្ធែមទៅលើភាពក្តៅក្រហាយនេះ ខ្សែប្រយុទ្ធ នុប តុលា ក៏រកបានគ្រាប់បាល់ជ័យជម្នះឱ្យក្រុមណាហ្គាវើលដ៏ បានសម្រេច នៅនាទីទី ៩០+៥។ ការបរាជ័យ ២-១ នេះបានធ្វើឱ្យក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ មិនអស់ចិត្តនោះទេ ហើយប្រធានក្លិបជនជាតិជប៉ុន លោក Akihiro Kato ក៏បានសម្តែងការខកចិត្តផងដែរ ទៅនឹងការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាល ឃិន ឧសីហា ដែលសម្រេចមិនផ្តល់គ្រាប់បាល់ឱ្យក្រុមអង្គរថាយហ្គឺរ នៅពេលខ្សែប្រយុទ្ធ Da Cruz បានលោតតែតបញ្ចូលទីយ៉ាងល្អ នៅនាទី៥៤នោះ។
នៅក្រោយការប្រកួតនេះ លោក Akihiro Kato បានលើជាចម្ងល់ នៅលើបណ្ដាញសង្គម ដោយភ្ជាប់ជាមួយវីដេអូខ្លី ជុំវិញការតែតបាល់បញ្ចូលទីរបស់ Da Crus នេះ ថា៖«រហូតមកដល់ពេលនេះ ខ្ញុំបានលះបង់របស់របរផ្សេងៗ។ តើ foul នេះនៅឯណា? តើនេះពិតជាល្អ សម្រាប់បាល់ទាត់កម្ពុជាមែនទេ? ព្រោះយើងជាក្លិបជប៉ុន?»។
បន្ទាប់ពីមើលឃើញការប្រកួត និងការបង្ហាញពីការបាក់ទឹកចិត្តរបស់ប្រធានក្លិបអង្គរថាយហ្គឺរ លោក Akihiro Kato នេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា ក៏បានប្រតិកម្មភ្លាមៗទាំងយប់ ទៅលើភាពអសកម្មនៃការសម្រេចសេចក្តីរបស់លោកអាជ្ញាកណ្តាលនេះ ដើម្បីលើកទឹកចិត្តដល់ប្រធានក្លិបអង្គរថាយហ្គឺរ ផងដែរ ហើយលោកស សុខា បានជំរុញឱ្យភាគីពាក់ព័ន្ធ គួរវាយតម្លៃទៅលើអាជ្ញាកណ្តាល (លោក ឃិន ឧសីហា) ឡើងវិញ។
លោក ស សុខា បានសរសេរបង្ហោះ នៅលើផេចហ្វេសប៊ុករបស់លោក កាលពីយប់ម្សិលមិញថា៖ «ខ្ញុំសូមចូលរួមជាមួយលោក អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato )ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ! ១ រឿងនេះកើតឡើងដដែលៗ ច្រើនលើកច្រើនសារពេកហើយ។ ២ ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាល លើទីលាន យល់ថា មានការលំបាក ក៏ប៉ុន្តែយើងត្រូវតែមើលមួយចំហៀងទៀត ការដាក់ទុនរបស់ក្លិបនីមួយៗ សព្វថ្ងៃ ក្នុង១ឆ្នាំៗចំណាយមិនក្រោមជាង ៦០ម៉ឺន ទៅ ១លានដុល្លារទេ។ ដូច្នេះទទូចឱ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាជួយពិនិត្យមើលការងារនេះ និងធ្វើការវាយតម្លៃ ទៅលើអាជ្ញាកណ្តាលឡើងវិញ»។
ស្ថាបនិកក្លិបបាល់ទាត់វិសាខា ស សុខា បានបន្ដថា៖«ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមអរគុណចំពោះលោក Akihiro Kato ដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីវិស័យកីឡាបាល់ទាត់នៅកម្ពុជាអស់ជាច្រើនឆ្នាំមកនេះ»៕