លទ្ធផលនៃការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២១ ប្រចាំសប្តាហ៍ទី១០ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិលមិញនេះ វាបានបង្ហាញឱ្យពីការគាប់ជួនគ្នាខ្លាំង ព្រោះនៅក្នុងការប្រកួតទាំង៥គូ គឺមានតែក្រុមព្រះខ័នរាជស្វាយរៀង មួយគត់ ទទួលបានជ័យជម្នះ ទៅលើគូប្រកួត ប៉ុន្តែក្រុមចំនួន៨ទៀត បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នាទាំងអស់។
តាមរយៈការប្រកួត ប្រចាំសប្តាហ៍នេះ ក្រុមស្វាយរៀង បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ រហូតដល់ ៦-០ កាលពីថ្ងៃសៅរ៍ ប៉ុន្តែការប្រកួត២គូទៀត ដែលបានធ្វើឡើង នៅក្នុងថ្ងៃជាមួយគ្នានោះដែរ ក៏បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នាជាមួយគ្រាប់បាល់ដូចគ្នា គឺក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន បានស្មើ វិសាខា ៣-៣ ហើយក្រុមខ្លាំង ណាហ្គាវើលដ៍ បានវាយបកតាមស្មើក្រុមឈរនៅកំពូលតារាង សូលទីឡូអង្គរ ៣-៣ ដូចគ្នា។
ការទទួលបាន៣ពិន្ទុរបស់ក្រុមវិសាខា ណាហ្គាវើលដ៍ និងក្រុមភ្នំពេញក្រោន កាលពីថ្ងៃសៅរ៍នោះ វាបានបើកផ្លូវយ៉ាងធំ ទៅដល់ក្រុមអង្គរថាយហ្គឺរ ក្នុងការពង្រឹងទីតាំងរបស់ខ្លួនឡើងវិញ ប៉ុន្តែរឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងជាការខកចិត្តបំផុត សម្រាប់អ្នកគាំទ្រអង្គរថាយហ្គឺរ នោះ គឺក្រុមមូលដ្ឋាន នៅខេត្តសៀមរាប មួយនេះ គឺបានលទ្ធផលស្មើ ២-២ ជាមួយក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប កាលពីថ្ងៃអាទិត្យ ម្សិលមិញ ដូចគ្នា។
សម្រាប់ការប្រកួត នៅកីឡដ្ឋាន AEU នោះ ក្រុមអង្គរថាយហ្គឺរ បានធ្វើការនាំមុខក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប ចំនួន២លើក ដែលជាការរកបានគ្រាប់បាល់របស់កីឡាករ ឡុង ម៉េងហាវ នៅនាទីទី១៩ និង Da Crus នៅនាទីទី៧៣ ប៉ុន្តែគ្រាប់បាល់ទាំង២នេះ ត្រូវបានក្រុមអាស៊ីអឺរ៉ុប តាមស្មើបានវិញ ដែលជាការរកបានគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Abee Ndjoo នៅនាទីទី៦៦ និង វ៉ាន់ វីត នៅនាទីទី៨៣។
ការរកបានត្រឹម១ពិន្ទុដែរនោះ វាបានធ្វើឱ្យក្រុមអង្គរថាយហ្គឺរ ប្រឈមទៅនឹងការធ្លាក់ចេញពីទីតាំងកំពូលតារាង ព្រោះពេលនេះ ពួកគេ មានត្រឹម ២០ ពិន្ទុ ច្រើនជាងក្រុមវិសាខា និងស្វាយរៀង ១ពិន្ទុប៉ុណ្ណោះ តែ អង្គរថាយហ្គឺរ ប្រកួតលើសគេ១ប្រកួត។ ចំណែកក្រុមម្ចាស់ផ្ទះ អគ្គិសនីកម្ពុជា ក៏បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ០-០ ជាមួយក្រុមខេត្តព្រៃវែង កាលពីថ្ងៃអាទិត្យ នោះដែរ៕







