ក្រុម​ការពារ​តំណែង​ជើងឯក បឹងកេត បាន​​វិល​ត្រឡប់​មក​លើគន្លង​​ផ្លូវ​ដ៏​​ប្រសើរ​វិញ  ដើម្បី​ឆ្ពោះ​ទៅ​​រក​ការ​​ប្រកួត​ប្រជែង​​តំណែង​ជើង​ឯក នៃ​លីគកំពូល​កម្ពុជា ឆ្នាំ​២០២១ បន្ទាប់ពី​ពួកគេ បាន​យក​ឈ្នះ​លើ​ក្រុម​នគរបាលជាតិ ២-០ ហើយ​វា​ក៏ជា​ជ័យជម្នះ​៦​លើក​ជាប់ៗគ្នា​របស់ពួក​គេ ផងដែរ។

តាម​រយៈ​ការ​ប្រកួត នៅកីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ កាលពី​ថ្ងៃអង្គារ ម្សិល​មិញ​នេះ ក្រុម​បឹង​កេត ​បានសម្ពាធ​ទៅ​លើ​ក្រុម​ភ្ញៀវជា​បន្ត​បន្ទាប់ ហើយ​ភាព​រីក​រាយ ក៏​បាន​កើតមាន​ឡើង នៅត្រឹម​នាទីទី​៣១ ​តាម​រយៈ​ការ​ស៊ុតបំប៉ោង​សំណាញ់​ទី​របស់​ខ្សែ​ប្រយុទ្ធ ម់ាត់ នូរុណ ខណៈគ្រាប់​បាល់​នេះ កើត​ចេញ​ពីការ​បញ្ជូន​បាល់​ខ្លីៗ ដែល​ចេញ​ពី​​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា បន្ត​ទៅ សាន គឹមហេង ហើយ គឹមហេង ក៏​បញ្ជូនកាត់​ទៅ​ឱ្យ ម៉ាត់ នូរុណ ជា​អ្នកស៊ុតបញ្ចូល​ទី​តែ​ម្តង។

បន្ថែម​ទៅ​លើ​ការ​រួម​ចំណែក​រក​បានគ្រាប់​ទី​១នេះ ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ដដែល ក៏ជា​អ្នក​ទាត់បាល់​ហ្រ្វីឃីក ទម្លាក់​ទៅ​ឱ្យកីឡាករ​ជប៉ុន​ពាក់លេខ​២២  Yamazaki Kenta ដើម្បី​ស៊ុត​បាល់​ធ្លាក់​មិនទាន់​ដល់​ដីនោះ បញ្ចូល​ទី​យ៉ាងស្អាត នៅនាទីទី​៣៥ ហើយ​វា​ក៏ជា​គ្រាប់​បាល់​ចុង​ក្រោយ សម្រាប់ការ​ប្រកួត​នេះ​ផងដែរ ព្រោះ​ការ​ប្រកួត​ប្រជែង​រយៈពេល​ជាង៥៥នាទី​ទៀត ក្រុមទាំង​២ មិនអាច​រក​បាន​គ្រាប់បាល់​ទៀត​ដូចគ្នា។

ជាមួយការ​ឈ្នះ​បាន​៣ពិន្ទុ​បន្ថែម នៅលើទឹក​ដី​ខ្លួន​ឯង លើកនេះ បាន​ជួយ​ឱ្យក្រុមបឹងកេត ឡើង​ទៅ ឈរ​នៅលេខ​៥ ដោយមាន​១៨ពិន្ទុ ស្មើជាមួយ​ក្រុម​ណាហ្គាវើលដ៍ និងតិច​ជាង​ក្រុម​ព្រះខ័នរាជស្វាយរៀង វិសាខា ដែលមាន​១៩ពិន្ទុ​ស្មើ​គ្នា និង​ក្រុម​កំពុង​ឈរ​នៅ​លេខ​១ អង្គរ​ថាយហ្គឺរ ដែល​មាន​២០ពិន្ទុ។

​តាម​រយៈការ​មាន​ពិន្ទុ​​ប្រដេញ​ប្រសងគ្នា​នេះ អាច​បង្ហាញ​ឱ្យ​ឃើញ​​ថា ​ក្រុម​បឹងកេត បាន​វិល​​ត្រឡប់មក​កាន់​ការ​​ប្រកួតប្រជែង​យក​តំណែង​ជើង​ឯក ឡើង​វិញ ក្នុង​នាមជា​ក្រុមមាន​ភាគ​រយ​ខ្ពស់ បន្ទាប់​ពី​បាន​ជួប​ព្យុះ​ភ្លៀង តាម​រយៈការ​ចាញ់​៣​លើក​ជាប់ៗ​គ្នា កាលពី​ដើម​រដូវ​កាល​នោះ៕