ក្រុមអង្គរថាយហ្គឺរ នៅសប្តាហ៍នេះ បានត្រឹមអង្គុយមើលទៅលើការប្រកួតគ្នារវាងក្រុមខ្លាំង៥រួមមាន វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ បឹងកេត និងភ្នំពេញក្រោន ដើម្បីដណ្តើមយកទីតាំងកំពូលតារាងរបស់ខ្លួន ព្រោះពួកគេ លែងមានឱកាសការពារទីតាំងលខ១នេះ បានទៀតហើយ ដោយសារអង្គរថាយហ្គឺរ បានបញ្ចប់ការប្រកួតលើកទី១០របស់ខ្លួន រួចទៅហើយ។
ការទទួលបានត្រឹម២០ពិន្ទុ ជាមួយការប្រកួតចំនួន១០លើក បានបញ្ជាក់ច្បាស់រួចទៅហើយថា អង្គរថាយហ្គឺរ នឹងធ្លាក់ចេញពីទីតាំងលខ១នេះ ហើយក៏អាចនឹងធ្លាក់ចេញតំបន់កំពូលតារាងទាំង៤ (Top4) ផងដែរ ព្រោះទាំងក្រុមវិសាខា ស្វាយរៀង ណាហ្គាវើលដ៍ បឹងកេត និងភ្នំពេញក្រោន សុទ្ធតែអាចឡើងទៅឈរនៅលេខ ១ នេះ ឱ្យតែក្រុមណាមួយដណ្តើមបាន ៣ ពិន្ទុ លើកនេះ។
យ៉ាងណាក៏ដោយ ក្រុមវិសាខា និងព្រះខ័នរាជស្វាយរៀង មានភាគរយខ្ពស់ជាងក្រុមណាហ្គាវើលដ៍ បឹងកេត និងភ្នំពេញក្រោន សម្រាប់ការដណ្តើមបានលេខ១ នៅប្រចាំសប្តាហ៍ទី១១ ព្រោះក្រុមទាំង២នេះ មាន១៩ពិន្ទុស្មើគ្នា ខណៈណាហ្គាវើលដ៍ និងបឹងកេតកេត មាន១៨ពិន្ទុដូចគ្នា ហើយ ភ្នំពេញក្រោន មាន១៧ពិន្ទុ តែភ្នំពេញក្រោន ទើបប្រកួតបាន៧លើកទេ។
ជាមួយគ្នានេះ ក្រុមក្រុមឈរនៅលេខ២ វិសាខា គឺមានភាគរយខ្ពស់ជាងគេ ក្នុងការឡើងទៅឈរនៅលេខ ១ ព្រោះនៅសប្តាហ៍នេះ ពួកគេត្រូវជួបក្រុមខ្ចីបទពិសោធ ខេត្តព្រៃវែង ដែលស្ថិតនៅក្រោមដំបូលគ្រប់គ្រងតែមួយ ព្រោះដើមឡើយ ខេត្តព្រៃវែង ជាក្រុមយុវជនថ្នាលរបស់វិសាខា តែបានផ្តាច់ខ្លួនទៅលេងឱ្យ ខេត្តព្រៃវែង កាលពីឆ្នាំ ២០២០ បន្ទាប់ពីពួកគេបានឈ្នះជើងឯកលីគ ២។
ផ្ទុយពីនេះក្រុមស្វាយរៀង ដែលកំពុងឈរនៅលេខ ៣ អាចនឹងមានការលំបាកខ្លាំងក្នុងការដណ្តើម ៣ ពិន្ទុ ព្រោះពួកគេត្រូវជួបក្រុមការពារតំណែងជើងឯក បឹងកេត ខណៈការជួបគ្នា កាលពីឆ្នាំ ២០២០ បឹងកេត បានឈ្នះក្រុមស្វាយរៀង ៤-២ នៅលើទឹកដីខ្លួនឯង និងស្មើគ្នា ១-១ នៅលើទឹកដីខេត្តស្វាយរៀង ក្នុងជើងទី២ ហើយលទ្ធផលនេះ បានជួយឱ្យបឹងកេត ឈានទៅឈ្នះតំណែងជើងឯក ជាមួយកំណត់ត្រាដ៏ល្អបំផុត គឺឈ្នះ ១២ និងស្មើ ៤ មាន ៤០ ពិន្ទុ លើសក្រុមជើងឯករងស្វាយរៀង ដែលមាន ៣៨ ពិន្ទុ ដោយឈ្នះ ៩ ស្មើ ៥ និងចាញ់ ២។
ស្រដៀងគ្នានេះ ក្រុមភ្នំពេញក្រោន និងណាហ្គាវើលដ៍ ក៏ពិបាកនឹងស្វែងរកការឈ្នះ៣ពិន្ទុដូចគ្នា ព្រោះនៅលើកនេះ ក្រុមទាំង២ត្រូវវិលមកជួបគ្នា ខណៈការជួបគ្នា កាលឆ្នាំ ២០២០ ណាហ្គា បានស្មើ ១-១ មុនទៅចាញ់ ភ្នំពេញក្រោន ១-០ ក្នុងជើងទី២។ ទោះយ៉ាងណា គ្រូបង្គោលក្រុមភ្នំពេញក្រោន លោក Oleg Starynskyi បានអះអាងថា បទពិសោធថ្មីៗ ដែលទទួលបានពីការស្មើក្រុមវិសាខា ៣-៣ កាលពីសប្តាហ៍មុន នឹងធ្វើឱ្យក្រុមរបស់លោក កាន់តែខ្លាំងជាងមុន។
ដោយឡែកជំនួបរវាងក្រុមម្ចាស់ផ្ទះ អាស៊ីអឺរ៉ុប និងសូលទីឡូអង្គរ ដែលគ្រោងធ្វើ នៅថ្ងៃសៅរ៍នេះ ត្រូវបានពន្យារពេលហើយ។ បើទោះបីជា គណៈកម្មការ មិនទាន់បានកែប្រែកម្មវិធី ប៉ុន្តែក្លិបសូលទីឡូអង្គរ បានប្រកាស នៅលើផេចហ្វេសប៊ុករបស់ខ្លួនថា៖«ការប្រកួតនៅសប្តាហ៍ទី១១ ទល់នឹងអាស៊ីអឺរ៉ុបយូណាយធីត ត្រូវបានពន្យារពេល។ យើងសង្ឃឹមថា អ្នកទាំងអស់គ្នា នៅក្នុងខេត្តសៀមរាប មានសុវត្ថិភាព និងសុខភាពល្អ។សូមអនុវត្តវិធាន «៣ការពារ និង ៣កុំ» និងគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩»៕








