ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​ក្លាយ​ជា​វីរបុរស​ជាថ្មី​ម្តង​ទៀត ក្នុងការ​ជួយ​ឱ្យ​ក្រុម​បឹងកេត ទទួល​បាន​ជ័យជម្នះ​យ៉ាងរំភើប លើ​ក្រុម​ម្ចាស់​ផ្ទះ ព្រះខ័នរាជស្វាយរៀង ចំណែក​ក្រុម​​វិសាខា ក៏​បាន​យក​ឈ្នះ​លើ​ក្រុមសិស្ស​ប្អូន ខេត្ត​ព្រៃវែង ផងដែរ ប៉ុន្តែ​ណាហ្គាវើលដ៍ បាន​ជួប​ការ​សោក​ស្តាយ ខណៈ​ពួកគេ​មិនអាច​រក​ការ​មាន​ប្រៀប​របស់​ខ្លួន​លើ​ក្រុម​ម្ចាស់​ផ្ទះ ភ្នំពេញក្រោន រហូត​ដល់​ចប់ការ​ប្រកួត​នោះ។

តាម​រយៈការ​ប្រកួត កាល​ពី​យប់​ថ្ងៃអាទិត្យ ម្សិល​មិញ​នេះ ខ្សែ​ប្រយុទ្ធ Privat រក​បានគ្រាប់បាល់នាំ​មុខ​ឱ្យក្រុម​ស្វាយរៀង នាំមុខ តាំង​ពីនាទីទី​១៥ ប៉ុន្តែ​ការ​ស៊ុត​បាល់​ចេញ​ពី​ចំហៀង​របស់ ចាន់ វឌ្ឍនាកា ដែល​គេ​មើល​ឃើញ​ថា ​គ្រាន់តែ​ជា​ការ​លើក​បាល់បន្ត​ឱ្យ​ទៅ​មិត្ត​រួម​ក្រុម​នោះ តែ​បែរ​ជា​បាល់​នោះ ហោះ​កោង ប៉ះ​បង្គោល​ដៃ រួច​ភ្លាត​ចូល​ទី ដែល​សូម្បី​អ្នក​ចាំទី អាំ សុវណ្ណារ៉ាត់ ​របស់​ក្រុមស្វាយរៀង ក៏​នឹកស្មាន​មិន​ដល់ ហើយ​ក៏មិន​បាន​លើក​ទៅ​សង្រ្គោះ​បាល់​នោះ​ដែរ។

បន្ថែម​ទៅ​លើ​ការ​រក​បាន​គ្រាប់បាល់តាមស្មើ​ឱ្យក្រុម​បឹងកេត នៅនាទីទី​ ៤៤ នេះ ចាន់ វឌ្ឍនាកា ​បាន​បង្កើត​រឿង​ដ៏​សែន​រំភើប​សម្រាប់​ក្រុមទាំង​មូល ដោយ​រូបគេ​បាន​ស៊ុត​បាល់​ចេញ​ពី​ការ​លោត​ដោល​ចេញ​របស់ អាំ សុវណ្ណារ៉ាត់ បញ្ចូល​ទីយ៉ាងស្រួល គឺ​បាល់​នោះ បាន​រត់​កាត់​ក្រោម​ជើង​អ្នកចាំទី សុវណ្ណារ៉ាត់ តែ​ម្តង នៅនាទីទី ៩០+៤។

ជាមួយ​គ្រាប់បាល់​ជ័យជម្នះ​ចុង​ក្រោយនេះ បានជួយ​ឱ្យក្រុមបឹងកេត ហក់​ពី​លេង​៥ ទៅ ឈរ​នៅលេខ​២ ជា​បណ្តោះ​អាសន្ន ហើយ​ជាមួយ​ជ័យជម្នះ​ដ៏​មិនគួរ​ឱ្យ​នឹក​ស្មាន​ដល់ គឺ​កើត​ឡើង នៅនាទីទី ៩០+៤ នេះ ចាន់ វឌ្ឍនាកា បានសរសេរ​បង្ហោះ​នៅ​លើ​ផេចហ្វេសប៊ុក​របស់ខ្លួន​ថា៖​ «បាល់ទាត់ គឺបែបនេះ ទាល់តែ​លឺកញ្ចែរ​បញ្ចប់​ការ​ប្រកួត ទើប​ដឹង​ឈ្នះ​ចាញ់! អរគុណ​ក្រុម ដែល​សហការ​គ្នាបា​ន​យ៉ាងល្អ និង​សូម​ផ្ញើបី​ពិន្ទុ​នេះ ជូន​អ្នកគាំទ្រ​ទាំង​អស់​គ្នា»។

ជាមួយ​គ្នា​នេះ ក្រុម​វិសាខា បាន​យក​ឈ្នះ​ក្រុមសិស្ស​ប្អូន ដែល​ជ្រក​ក្រោម​ដំបូល​គ្រប់​គ្រង​តែ​មួយ គឺ ខេត្ត​ព្រែវែង ក្នុង​លទ្ធផល ៣-២ ដោយ​ក្នុង​នោះ​ខ្សែ​ប្រយុទ្ធ​មានកម្ពស់ Haber Marcus រក​បាន​២​គ្រាប់ នៅនាទីទី ៣៦ និងទី​៧០ ខណៈ​១​គ្រាប់ទៀតរក​បាន​ដោយ កែវ សុខផេង នៅនាទីទី​៨៣ រីឯ​២​គ្រាប់របស់ក្រុមខេត្ត​ព្រៃវែង រក​បាន​ដោយ វឿន វ៉ា នៅនាទីទី​៤៩ និង គី រីណា នៅនាទីទី​​៩០។

តាម​រយៈការ​រក​បាន​៣​ពិន្ទុ​បន្ថែម​ទាំង​លំបាក​នេះ ក្រុម​វិសាខា បាន​ទទួល​ជោគ​ជ័យ ​ទៅតាម​ការ​គ្រោង​ទុក​របស់​ខ្លួន ក្នុងការ​ដណ្តើម​បាន​ទីតាំង​លេខ​១ ពី​ក្រុមអង្គរ​ថាយហ្គឺរ។ នៅ​ក្រោយ​ការ​ទទួល​បាន​ជ័យជម្នះនេះ ក្លិប​វិសាខា បាន​សរសេរ​បង្ហោះ នៅ​លើ​ផេចហ្វេសប៊ុក​របស់​ខ្លួន​ថា៖ ​«​អ្វី ដែលពួកយើងចង់បាន (តំបន់កំពូល)! ពួក​យើង​ប្ដេជ្ញា នឹង​បន្ដ​ការ​ខិតខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​រក្សា​កៅ​អី​កំ​ពូល​តារាង និង​ឆ្ពោះ​ទៅ​សម្រេច​គោល​ដៅ​របស់​ពួក​យើង​ទាំង​អស់​គ្នា»។

ផ្ទុយ​ពីនេះ​ក្រុមណាហ្គាវើលដ៏ ដែលស្ទើរ​តែ​រក​បាន​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ ភ្នំពេញ​ក្រោន ទៅហើយ តាម​រយៈការ​រក​បានគ្រាប់បាល់​របស់ ឃីម បូរី តាំង​ពីនាទីទី ៤៥+៣ នោះ គឺ​បាន​ជួបការ​ខក​ចិត្ត​នៅ​ចុង​ម៉ោង ខណៈពួក​គេ មិនអាច​ការ​ពារ​ការ​នាំ​មុខ​នេះ រហូត​ដល់ ចប់ការ​ប្រកួត​នោះ។

​ក្រុម​របស់​លោក មាស ចាន់ណា បានចុះ​មក​លេង​នៅ​​តំបន់ការពារ​ស្ទើរ​តែ​ទាំង​អស់ ដើម្បី​​ទប់ការ​វាយ​លុក​យ៉ាង​ខ្លាំងក្លា​របស់ ភ្នំពេញ​ក្រោន ប៉ុន្តែ​ការ​ស៊ុត​​ពីចម្ងាយ​របស់​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Matheus បាន​ទម្លុះ​សំណាញ់​ទី ក្រុមណាហ្គាវើលដ៏ ដើម្បី​ធ្វើ​ឱ្យក្រុមទាំង​២ បាន​​បញ្ចប់​​ការ​ប្រកួត​ក្នុង​លទ្ធផល​ស្មើ​គ្នា ១-១។ ចំណែក​ក្រុម​គិរីវង់សុខសែន​ជ័យ បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​អគ្គិសនី​កម្ពុជា ២-០ ហើយក្រុមកង​យោធពល​ខេមរភូមិន្ទ បាន​​ត្រឹមស្មើ​ក្រុម​ម្ចាស់​ផ្ទះនគរ​បាលជាតិ ១-១ កាលពី​ថ្ងៃសៅរ៍៕