កីឡាករ​ជា​កូន​កំព្រា អេ ណារ័ត្ន ពិតជា​ធ្វើបានសម្រេច​ដូច​ក្តី​រំពឹង ក្នុងការ​ក្រសោប​យក​​ប្រាក់លាន ពី​សង្វៀន​ថោន ​ទៅ​ជូនប្រពន្ធ ដែលកំពុងមាន​ជីវភាពខ្ពស់ខាត ប៉ុន្តែ​កីឡាការិនី វី ស្រីស្រស់ និង ទូច ចាន់វត្តី ដែល​សុទ្ធតែ​មាន​ការ​តាំងចិត្តខ្ពស់ ក្នុងការ​ដណ្តើម​យក​ជ័យជម្នះ​នោះ គឺ​មិនអាច​ធ្វើ​ទៅ​បាន​នោះទេ។

​តាម​រយៈការ​ប្រកួត​ម៉ារ៉ាតុងដណ្តើម​ប្រាក់លាន កាល​ពី​ថ្ងៃ​អាទិត្យ ម្សិល​មិញ​នេះ អេ ណារ័ត្ន ​បាន​យក​ឈ្នះ ឡុង ខេត្ត ដោយ​ពិន្ទុដាច់ នៅ​ក្នុងការ​ប្រកួតវគ្គជម្រុះ​តាមពូល មុន​ពេល​រូបគេ​បាន​បន្ត​ទៅផ្តួល ភួន ឡាំងកូស៊ីន នៅវគ្គ​ផ្តាច់​ព័ត្រ ឱ្យ​បោះ​បង់ការ​ប្រកួត ក្នុងទឹក​ទី​២ តាម​រយៈការ​ទាត់​ស្តាំ​ចូល​កណ្តៀត​ក្អម នាំ​ឱ្យ ភួន ឡាំងកូស៊ីន ចុល​រមួល មិនអាច​បន្តការ​ប្រកួត​ទៀត​បាន។

​​ការ​ទទួល​បានជ័យជម្នះ​ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​នេះ បាន​ជួយ​ឱ្យ អេ ណារ័ត្ន ទទួល​បាន​ប្រាក់រង្វាន់​ចំនួន ៣,៤​លាន​រៀល ដើម្បី​យក​ទៅឱ្យ​ប្រពន្ធ ដែល​កំពុងមាន​ជីវភាពខ្វះ​ខាត ស្របទៅតាម​ការ​តាំង​ចិត្ត​របស់​គេ ព្រោះ អេ ណារ័ត្ន ​បាន​ប្តេជ្ញា​ដណ្តើមឱ្យ​បាន​ប្រាក់លាន​នេះ តាំង​ពី​មុនការ​ប្រកួតចាប់​ផ្តើមម្ល៉េះ។

យ៉ាង​ណា​ក៏​ដោយ ការ​ដណ្តើម​បាន​តំណែង​ជើង​ឯកនេះ ក៏​អាច​មកពី​ជើង​ខ្លាំង ខេម ចាន់ ត្រូវ​បាន​ដក​បេក្ខភាព​ចេញ​ពី​ការ​ប្រកួត​នេះ​ផងដែរ បន្ទាប់ពី​បានធ្វើ​តេស្ត​ មុន​ការ​ប្រកួត ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ​១៩ ខណៈ​មុន​នឹង​កើត​ហេតុ​ដ៏​ឱ្យរន្ធត់​នេះ ខេម ចាន់ បាន​បញ្ជាក់ថា គេ​នឹង​ដណ្តើម​ឱ្យបានប្រាក់លាន​នេះដូចគ្នា ហើយ​នៅ​ក្នុង​បេក្ខភាពទាំង​៤​នេះ ខេម ចាន់ ចង់​ជួប អេ ណារ័ត្ន មុន​គេ ហើយបើ​ជួប​គ្នា​មែន​នោះ អេ ណារ័ត្ន អាច​នឹង​ធ្លាក់​ត្រឹម​វគ្គជម្រុះ​៣ទឹក។

តែ​ទោះបីជា​យ៉ាង​ណា ការ​រក​ឃើញ​នៅជំងឺ​កូវីដ​១៩​លើ​បេក្ខភាព ខេម ចាន់ គឺ​គណៈកម្មការ បាន​សម្រេច​ដាក់ ឡុង ខេត្ត ឱ្យ​ចូល​ជំនួស តែ ឡុង ខេត្ត ដែល​បាន​ឡើង​ប្រកួត ដោយមិន​បានត្រៀមខ្លួន​នោះ បានចាញ់​ពិន្ទុ អេ ណារ័ត្ន នៅ​ក្នុង​វគ្គ​ជម្រុះ ដូចគ្នា​ទៅនឹង​កីឡាករ សូដា លីម៉ូ ផងដែរ ដែល​បាន​ធ្លាក់ ក្រោយ​ចាញ់​ពិន្ទុ ភួន ឡាំង​កូស៊ីន ដោយ​ពិន្ទុ​មិន​ឯក​ច្ឆន្ទ ៤-១។

ដោយឡែក​ការ​​ប្រកួតគូស្រ្តី​រវាងស្រី​ស្អាត ទូច ចាន់វត្តី និង វី ស្រីស្រស់ ដែល​ទទួលបាន​ការគាំ​ទ្រ​យ៉ាងខ្លាំង​នោះ គឺ​រក​មិនឃើញ​អ្នក​ឈ្នះ​នោះ​ទេ ដោយ​អ្នក​ទាំង​២នេះ បាន​បញ្ចប់ការ​ប្រកួត​៥​ទឹក​ពេញ ដោយ​លទ្ធផកល​ស្មើ​គ្នា ប៉ុន្តែ​​ការ​ប្រកួតនេះ បាន​ផ្លាស់​ប្តូរ​​រូប​មន្ត​ប្រកួត​ភ្លាមៗ។

ដំបូងឡើយ ទូច ចាន់វត្តី និង វី ស្រីស្រស់ ត្រូ​វ​ដាក់​ឱ្យ​ប្រកួត Mas Fight មួយ​ទឹក​មាន​៩នាទី ដោយ​អ្នក​ទាំង​២​នេះ សុទ្ធតែ​មានការ​ប្តេជ្ញា​ចិត្តរៀងៗ​ខ្លួន គឺ ទូច ចាន់វត្តី ​ប្តេជ្ញា​ខំ​ប្រឹង​យក​ឈ្នះ ដើម្បីសងសឹកចំពោះ​ការ​ចាញ់ វី ស្រីស្រស់ កាល​ពីអតីតកាល ចំណែក ស្រីស្រស់ ចង់​ផ្តួល ចាន់វត្តី ឱ្យ​សន្លប់ ដើម្បី​យក​ប្រាក់រង្វាន់បន្ថែម តាម​ច្បាប់របស់ Mas Fight។

យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​ប្រកួត​ជាក់​ស្តែង កាល​ពី​ថ្ងៃអាទិត្យ ម្សិល​មិញ​នេះ អ្នកទាំង​២​នេះ ត្រូ​វបាន​ដាក់​ឱ្យ​ប្រកួត​គុនខ្មែរ​ ចំនួន៥​ទឹក​ ដោយ​១ទឹក​មាន​៣នាទី​វិញ ហើយ​តាម​រយៈការ​ប្រកួត​យ៉ាង​ស្វិតស្វាញ ​ក្រោម​ការ​គាំ​ទ្រ​យ៉ាងច្រើន​នោះ គឺ​អ្នកទាំង​២ ត្រូវ​បាន​អាជ្ញាកណ្តាល​លើក​ដៃ​ឱ្យស្មើ​គ្នា គឺ​គ្មាន​អ្នក​ឈ្នះ​នោះ​ទេ៕