បរទេស៖ ក្លិប​តោខៀវ Chelsea អាច​នឹង​​បង្កើន​​សំណើ​ដេញ​ថ្លៃ​របស់​ខ្លួន​ដើម្បីទិញ Romelu Lukaku ក្រោយពី​សំណើ​ក្នុង​ទឹក​ប្រាក់​១០០លាន​អឺ​រ៉ូ (ស្មើ​នឹង​១១៩លាន​ដុល្លារ​អាមេរិក) បូក​​ទាំង Marcos Alonso ម្នាក់​ទៀត ដើម្បីនាំ​យក​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បែលហ្ស៊ិក​រូបនេះ ត្រូវ​បាន​ច្រាន​ចោល​។

លោក Thomas Tuchel ចង់​បាន​ខ្សែ​ប្រយុទ្ធ​ថ្មីម្នាក់ ហើយ Lukaku ត្រូវ​បាន​ចាត់​ទុក​ថា ជា​ខ្សែ​ប្រយុទ្ធ​ដែលមាន​ភាពមុតស្រួច​ជាង Erling Haaland ដែល​អាច​នឹង​នៅ​តែ​បន្ត​នៅ​ក្នុងក្លិប Borussia Dortmund ក្នុង​រយៈពេល​១​រដូវ​កាល​ទៀត​។ ក្លិប Inter Milan បាន​ប្តេជ្ញា​ចិត្ត​ថា នឹងមិនលក់​ខ្សែ​ប្រយុទ្ធ​កំពូល​របស់​ខ្លួន​ឡើយ ប៉ុន្តែ Chelsea សង្ឃឹម​ថា ក្រុម​​ម្ចាស់​ជើង​ឯក​អ៊ីតាលីមួយនេះ នឹង​បង្ខំំ​ចិត្ត​លក់​ចេញ ដោយ​សារ​តែ​បញ្ហា​ផ្នែក​ហិរញ្ញ​វត្ថុ​របស់​ពួកគេ​​។ វា​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ការ​ព្យាយាម​របស់ Chelsea អាច​នឹង​ទទួល​បាន​ជោគ​ជ័យ ប្រសិន​បើ​ពួកេ​បង្កើន​សំណើ​ដេញ​ថ្លៃ​រហូត​ដល់ទៅ​១២០​លាន​អឺ​រ៉ូ​។ ក្លិប Inter ត្រូវ​បាន​គេ​ជឿជាក់ថា ចង់​​បាន​​ការ​ផ្ទេរ​ជា​សាច់​ប្រាក់ភ្លាម​ៗជាង​ការ​ដែលការ​ដែលយក​កីឡាករ​ជា​ថ្នូរ​នឹង​កីឡាករ​។

Lukaku បាន​ដើរ​តួនាទី​ដ៏សំខាន់​ក្នុងពេល Inter បាន​ឈ្នះពាន Serie A ដោយ​បាន​ស៊ុត​បាល់បញ្ចូល​ទី​២៤គ្រាប់ និង​ជួយ​ឲ្យមិត្ត​រួម​ក្រុម​រក​បាន​១១គ្រាប់​ផ្សេង​ទៀត​។ កីឡាករ​វ័យ​២៨ឆ្នាំ​រូបនេះ បានក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​កម្រិត​​កំពូល​ក្នុង​ពិភព​​លោក បើគិត​ចាប់​តាំងពី​ចាកចេញពីក្លិប Manchester United ទៅកាន់​អ៊ីតាលី ក្នុងឆ្នាំ​២០១៩ និង​ជា​កីឡាករ​ម្នាក់​ដែល​លោក Tuchel គិត​ថា អាច​ជួយ​ឲ្យ Chelsea មាន​ភាព​ខ្លាំង និង​មាន​សមត្ថភាព​ប្រជែង​ដណ្តើម​ពាន Premier League​៕

ប្រភព​ព័ត៌​មាន៖ The Guardian