បរទេស៖ Romelu Lukaku នឹង​ត្រូវ​ចុះ​ហត្ថលេខា​ជាមួយនឹងក្លិប Chelsea ពីក្លិប Inter Milan ក្នុង​ការ​ផ្ទេរ​មួយ​ដែលមាន​តម្លៃ​ខ្លួន​រហូត​ដល់​ទៅ​១១៥​លាន​អឺ​រ៉ូ (ស្មើនឹង​១៣៥​លានដុល្លារ​អាមេរិក)​។

នេះ​បើយោង​ទៅ​តាម​បណ្តាញ​សារ​ព័ត៌​មាន​នានា នៅក្នុង​ប្រទេស​អ៊ីតាលី កាលពីថ្ងៃ​អាទិត្យ​។ ក្លិប Chelsea បាន​ព្យា​យាម​ប្រមាញ់​ទិញ​ Lukaku តាំង​ពី​មានភាពច្បាស់​លាស់​ថា ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុបមួយនេះ នឹង​មិនអាច​នាំ​យក​តារាឆ្នើម Erling Braut Haaland ពីក្លិប Borussia Dortmund បាន​ឡើយ​ប៉ុន្តែ Inter ក៏​បាន​ព្យា​យាម​រា​រាំង​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​​មិន​ឲ្យ​ចាក​ចេញផ​ងដែរ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា បច្ចុប្បន្ន Inter កំពុង​តែ​រៀប​ចំ​លក់​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បែល​ហ្ស៊ិក​រូបនេះ​ចេញ ក្នុង​ត្លៃ​ខ្លួន​មួយ​ដែល​ប្រហាក់​ប្រហែល​នឹង​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​ដែល​ត្រូវ​បានចំណាយដោយ​ក្លិប​អង់គ្លេស ត្រឹម​តែ​រយៈ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​ក្លិប Manchester City បាន​ជះ​ប្រាក់​១០០​លាន​ផោន (ស្មើនឹង​១១៨លាន​អឺ​រ៉ូ) ដើម្បី​នាំ​យក​ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់គ្លេស Jack Grealish ពីក្លិប Aston Villa​។

Lukaku ដែល​បាន​ជួយ​ឲ្យក្លិប Inter លើកពាន Serie A កាលពីឆ្នាំមុន ដំបូង​ឡើយ​ ចង់​បន្តនៅ​​ប្រទេស​អ៊ីតាលី ក្រោយពី​បានក្លាយ​ជា​កីឡាករ​ដ៏មាន​ប្រជាប្រិយភាពក្រោម​ការដឹក​នាំ​របស់លោក Antonio Conte​។ តារាឆ្នើម​រូបនេះ បាន​ស៊ុត​បាល់បញ្ចូល​ទី​២៤គ្រាប់​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌលីក​​កាលពីរដូវកាល​​មុន ហើយ​ក៏​បាន​ជាប់​ជាកីឡាករឆ្នើម​ប្រចាំ​រដូវ​កាល​ផង​ដែរ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia