បរទេស៖ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​សន្យា​ថា «នឹង​ជួយ​កសាង​សមិទ្ធិ​ផល​ពិសេស​ៗ» នៅ Paris Saint-Germain ក្រោយពី​បាន​បំពេញ​ការផ្ទេរ​របស់​គេ និង​បាន​ចុះហត្ថលេខា​លើ​កិច្ច​សន្យា​រយៈពេល​២​ឆ្នាំ កាលពីថ្ងៃ​អង្គារ​។

តា​រាឆ្នើម​វ័យ​៣៤​ឆ្នាំ​​រូបនេះ ដែល​ទើប​តែ​បាន​និយាយ​ថា លា​ហើយ​ទាង​រំជួល​ចិត្តទៅកាន់​ក្លិប Barcelona ក្រោយ​ពី​បាន​ចំណាយ​ពេលអស់​២១​ឆ្នាំ ជាមួយនឹងក្លិប​នេះ នឹង​ត្រូវ​​​គេអម​ដំណើរ​ទៅកាន់​ទីក្រុង​ប៉ា​រីស​នៅ​ថ្ងៃពុធនេះ ខណៈ​ដែល Messi ត្រៀម​ខ្លួនរួច​រាល់ក្នុងការ​​ចាប់​ផ្តើម​ទំ​ព័រ​ថ្មី នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​បាល់ទាត់​​។ ក្រោយពី​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​រយៈពេល​២​ឆ្នាំ ជាមួយនឹង​ជម្រើស​ក្នុងការ​បន្ត​រយៈពេល​១២​ខែ​ទៀត Messi បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​រំភើប​ណាស់​ក្នុងការ​ចាប់​ផ្តើម​ទំ​ព័រ​ថ្មី​នៃ​អាជីព​របស់ខ្ញុំ​ជាមួយ​នឹង Paris Saint-Germain​។ ក្លិបនេះ និង​ទស្សន​វិស័យ​របស់ខ្លួន ពិត​ជា​ស៊ី​សង្វាក់គ្នា​ជាមួយ​នឹង​មហិច្ឆ​តា​របស់ខ្ញុំ​»។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អា​ហ្សង់ទីន​រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ស្គាល់​យ៉ាង​ច្បាស់​ពី​កម្រិត​នៃ​ទេពកោសល្យ​ដែលក្រុម​នេះ និង​បុគ្គ​លិក​គ្រូបង្វឹក មាន​នៅ​ទីនេះ​។ ខ្ញុំ​ប្តេជ្ញា​ចិត្ត​ថា នឹងជួយ​កសាង​សមិទ្ធិផល​ពិសេស​ៗ សម្រាប់​ក្លិប និង​អ្នកគាំទ្រហើយ​ខ្ញុំ​កំពុង​សម្លឹង​ឆ្ពោះ​ទៅកាន់ការ​បោះ​ជំហាន​លើ​ទីលាន​ Parc des Princes​»​។

Messi ដែល​នឹង​ពាក់​អាវ​លេខ​៣០នៅ PSG នឹង​ទទួល​បាន​​ប្រាក់ខែ​សុប​ប្រមាណ​ជា​៣៥​លាន​អឺ​រ៉ូ (ស្មើនឹង​៤០​លាន​ដុល្លារ​អាមេរិក) ក្នុង​១​ឆ្នាំ បូក​រួម​ទាំងប្រាក់​ឧបត្ថម្ភ​នានា​។ Messi ក៏​នឹង​ទទួល​បាន​ចំណូល​២៥លានអឺ​រ៉ូ សម្រាប់ការ​ចុះ​ហត្ថលេខា​មួយនេះ​ផង​ដែរ​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian