បរទេស៖ ការ​ផ្ទេរ​ដ៏​រំភើប​របស់ Lionel Messi ទៅកាន់​ក្លិប Paris Saint-Germain ត្រូវ​បានប្រកាស​ជាផ្លូវ​ការ​ហើយ ហើយ​ការ​ផ្ទេរ​នេះ បាន​នាំ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ម្នាក់ក្នុង​ចំណោម​កីឡាករ​ដែល​រក​បាន​ចំណូល​ខ្ពស់​ជាង​គេ​បំផុតក្នុង​កីឡា​បាល់ទាត់​។ បើយោង​ទៅតាម​ប្រភព​​ព័ត៌​មាននានា ក្លិប PSG  បាន​ផ្តល់​ប្រាក់​ខែ​ឲ្យ​កីឡាករ​ដ៏ឆ្នើម​បំផុត​ក្នុង​ពិភព​លោក​រូបនេះ ប្រមាណ​ជា​៣៥​លាន​អឺ​រ៉ូ (ស្មើនឹង​៤០លាន​ដុល្លារ​អាមេរិក) ក្នុង​១​រដូវ​កាល បន្ទាប់​ពីកាត់​ពន្ធ​។

ហេតុនេះ តើ Messi នឹង​ទទួល​បាន​ចំណូល​ប៉ុន្មាន​ក្នុង​១​សប្តាហ៍​នៅ PSG?

ជាមួយ​នឹង​ប្រាក់​ចំណូល​៣៥លានអឺ​រ៉ូ ក្នុង​១​រដូវកាល Messi នឹង​ទទួលបាន​ប្រាក់​ចំណូល​ជិត​៣លាន​អឺ​រ៉ូ ក្នុង​១​ខែ​។ ហេតុនេះ មានន័យ​ថា Messi នឹង​ទទួល​បាន​៧២,៩ម៉ឺន​អឺ​រ៉ូ ក្នុង​១​សប្តាហ៍ ឬ ១០,៤ម៉ឺន​អឺ​រ៉ូ ក្នុង​១​ថ្ងៃ ឬ​៨៦៨០អឺ​រ៉ូ ក្នុង​១​ម៉ោង ឬ ១៤៤,៦៨អឺ​រ៉ូ ក្នុង​១​នាទី ឬ ២,៤១ក្នុង​១​វិនាទី​។ ជាមួយ​គ្នា​នេះ Messi ក៏​នឹង​ទទួល​បាន​ទឹក​ប្រាក់​ចំនួន​២៥​លាន​អឺ​រ៉ូ លើ​តម្លៃ​នៃ​ការ​ចុះ​កិច្ច​សន្យា​ផង​ដែរ​។ អ្វី​ដែលគួរឲ្យ​ចាប់​អារម្មណ៍នោះគឺ​ថា Messi ទទួល​បានចំណូល​ច្រើន​ជាង Neymar ទៅ​ទៀត ខណៈ​ដែល​តារាឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល​រូបនេះ ទទួល​បាន​៣១លាន​អឺ​រ៉ូ ក្នុង​១​ឆ្នាំ ហើយ PSG ក៏កំពុង​តែ​ពិភាក្សា​ជាមួយ​នឹង Kylian Mbappe លើ​ការ​បន្ត​កុង​ត្រា​ថ្មី​ផង​ដែរ ជា​មួយ​នឹង​ការផ្តល់​ជូន​​ប្រាក់​ខែ​ដូចគ្នា​នេះ​៕

ប្រភព​ព័ត៌​មាន៖ Yahoo.com