បរទេស៖ Lionel Messi បាន​រៀប​ចំ​គម្រោង​ភ្លាម​ៗ​សម្រាប់​ខ្លួន​ឯង ខណៈ​ដែល​រូប​គេ​កំណត់​គោល​ដៅ​របស់​ខ្លួន​លើ​ការ​ជួយ​ឲ្យ​ក្លិបថ្មី​របស់គេ Paris St-Germain ឈ្នះ​ពានក្រប​ខ័ណ្ឌ Champions League ជាលើក​ដំបូងរបស់ពួកគេ ក្នុងការ​បង្ហាញខ្លួន​ជាផ្លូវ​ការ​នៅប្រទេស​បារាំង កាលពីថ្ងៃ​ពុធ​។

តារាឆ្នើម​​អន្តរ​ជាតិ​អាហ្សង់ទីន​​វ័យ​៣៤​ឆ្នាំ​​រូបនេះ បាន​យល់​ព្រម​បន្ត​នៅ​ជាមួយនឹង​អតីតក្លិប​របស់​ខ្លួន​គឺ Barcelona ក្រោយពីកិច្ច​សន្យា​របស់​គេ​ផុត​កំណត់​កាលពី​ចុង​ខែ​មិថុនា នៅមុន​ពេល​ក្លិប​យក្ស​អេ​ស្ប៉ាញមួយ​នេះ បាន​បញ្ជាក់​ថា ពួកគេ​មិនមានលទ្ធភាពក្នុងការ​ចំណាយ​លើ​ Messi ឡើយ កាលពី​សប្តាហ៍​មុន​។ Messi បានចុះ​កិច្ច​សន្យា​រយៈពេល​២ឆ្នាំ ជាមួយនឹង​ជម្រើស​ក្នុង​ការ​បន្ត​នៅ​ឆ្នាំ​ទី​៣ ជាមួយនឹងក្លិប PSG កាលពីថ្ងៃ​អង្គារ​។ PSG បានឈ្នះ​ពានក្នុងស្រុក​ជាច្រើន បើ​គិត​ចាប់​តាំងពី​ការ​បណ្តាក់​ទុន​នូវ​ទឹក​ប្រាក់​ដ៏ច្រើន​សន្ធឹកសន្ធាប់ពី​ក្រុមហ៊ុន​កា​តា Sports Investment ក្នុង​ឆ្នាំ​២០១១​​។

ប៉ុន្តែ ពួកគេមិនធ្លាប់​បាន​ឈ្នះពានក្រប​ខ័ណ្ឌ Champions League ឡើយ ស្រប​ពេល​ដែល Messi ធ្លាប់​បាន​ឈ្នះ​៤លើក ដោយ​លើក​ចុងក្រោយ​បានកើ​តឡើង​ក្នុងឆ្នាំ​២០១៥​​។ Messi ដែល​នឹង​ពាក់​អាវ​លេខ​៣០ បាន​ប្រាប់​សន្និសីទសារ​ព័ត៌​មាន​ថា៖ «នោះគឺ​ជា​មូលហេតុ​ដែល​ខ្ញុំ​នៅ​ទីនេះដើម្បីឈ្នះពាន​ជាច្រើន​។ នេះ​គឺ​ជាក្លិប​ដ៏​មាន​មហិច្ឆតាមួយ​។ អនក​អាច​មើល​ឃើញ​ថា ពួក​គេ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ក្នុងការ​ប្រជែងរាល់​ពាន​ទាំង​អស់​។ សុបិន​របស់ខ្ញុំ​គឺ​ការ​ឈ្នះពាន Champions League មួយ​ទៀត ហើយ​ខ្ញុំ​គិត​ថា នេះ​គឺ​ជា​កន្លែង​ដ៏​ល្អ​ឥត​ខ្ចោះ ក្នុងការ​សម្រេច​ឲ្យ​បាន​គោល​ដៅនោះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia