បរទេស៖ លោក Nuno Espirito Santo អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Tottenham បាន​ប្រាប់​តារា​ឆ្នើម Harry Kane ឲ្យ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់ ដើម្បី​ជួយ​ដល់ Spurs ក្រោយពី​បានផ្តួលក្រុម​ម្ចាស់​ការ​ពារ​ជើង​​​ឯក Manchester City ក្នុងលទ្ធផល ១-០ ដើម្បី​បើក​រដូវកាលក្រប​ខ័ណ្ឌ Premier League របស់​ពួកគេ កាលពីថ្ងៃ​អាទិត្យ​។

Kane បាន​អវត្តមាន​ពីក្រុម Spurs ស្រប​ពេល​ដែល​អនា​គត​របស់​គេជាមួយនឹងក្លិប​នេះ នៅ​តែ​ស្ថិតក្នុង​ភាព​មិនច្បាស់ ស្រប​ពេល​ដែលមានការ​ចាប់​អារម្មណ៍​ពីក្លិប Man City​។ បើ​ទោះ​បី​អវត្ត​មាន​ខ្សែ​ប្រយុទ្ធ​ដ៏​មុតស្រួច​របស់​ខ្លួន​ក៏ដោយ ប៉ុន្តែ Tottenham បាន​ជួយ​ឲ្យ​លោក Nuno ចាប់ផ្តើម​យ៉ាងល្អក្នុងនាម​ជាគ្រូបង្វឹក​ ខណៈ​ដែល Son Heung-min បាន​រក​គ្រាប់បាល់​ឈ្នះ​នៅ​ពីមុខ​អ្នក​គាំទ្រ​ដ៏ច្រើន​កុះ​ករ​។ អ្នកគាំទ្រ​របស់ Spurs បាន​អប​អរ​ជ័យ​ជម្នះ​ជា​មួយនឹងការ​ស្រែក​ច្រៀង​បន្ទរ​គ្នា​ថា «តើ​អ្នក​កំពុង​តែ​មើល Harry Kane» នៅជិត​បញ្ចប់ការប្រកួត​ ឬយ៉ាង​ណា​។

លោក Nuno បាន​ឲ្យដឹងថា៖ «Harry គឺ​ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដ៏ឆ្នើម​បំផុត​ក្នុងពិភព​លោក​។ យើង​ពិត​ជា​មាន​សំណាង​ណាស់ក្នុងការ​មាន​រូប​គេ ហេតុនេះ រូប​គេ​ត្រូវ​តែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ និង​ជួយ​ដល់​ក្រុម​។ ខ្ញុំ​ប្រាកដ​ចិត្ត​ថា ជាមួយ​នឹង​​ការ​ប្តេជ្ញាចិត្ត និង​ទេពកោសល្យដែល​យើង​មាន យើង​នង​មានក្រុម​ដ៏ខ្លាំង​មួយ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia