បរទេស៖ ខ្សែការពាររបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Phil Jones បានបដិសេធក្នុងលះបង់លេខអាវរបស់ខ្លួនដល់មិត្តរួមក្រុមថ្មី Raphael Varane បន្ទាប់ពីខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបនេះបានបំពេញការផ្លាស់មកកាន់ទឹកដី Old Trafford កាលពីថ្ងៃសៅរ៍កន្លងទៅក្នុងរង្វង់ទឹកប្រាក់ប្រមាណ៤១លានផោន។
សមាជិកជ័យលាភី World Cup ២០១៨ រូបនេះបានបង្ហាញវត្តមានរបស់ខ្លួនយ៉ាងភ្ញាក់ផ្អើលជាមួយអាវលេខ១៩ចំពោះមុខអ្នកគាំទ្រ ៧៥ ០០០ នាក់ក្នុងកីឡាដ្ឋាន Old Trafford មុនការប្រកួតបើកឆាករដូវកាលថ្មីសម្រាប់ក្របខណ្ឌ Premier League ទល់នឹងក្រុមភ្ញៀវ Leeds United។
បើយោងទៅតាម Manchester Evening News បានអោយដឹងថា Raphael Varane ទំនងជាពាក់អាវលេខ ៤ នៅក្លឹប Man United បន្ទាប់ពីគាត់ចាកចេញពី Real Madrid។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ Phil Jones ដែលបានខកខានបង្ហាញខ្លួនចូលលេងអោយក្លឹប Man Utd ចាប់តាំងពីខែមករាឆ្នាំ ២០២០ គឺចង់រក្សាអាវលេខរបស់ខ្លួនមួយនេះបន្តទៀត បន្ទាប់ពីអវត្តមានអស់រយៈពេលជាង ១៨ ខែដោយសារបញ្ហារបួស។ ប្រភពពីអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer បានបញ្ជាក់ប្រាប់ថាកីឡាករវ័យ ២៩ ឆ្នាំរូបនេះនឹងវិលត្រលប់មកហ្វឹកហាត់ត្រៀមបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះហើយ៕
ប្រភពព័ត៍មាន៖ Metro