អ្នកប្រដាល់ជើងថ្មី កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង សូដា កូម៉ាន់ ស្ទើរតែសន្លប់ធំ ក្រោមកណ្តាប់ដៃកីឡាករអេស្ប៉ាញញ វីន័រឡាស ចាន់រាជ (VINUELAS CHANRACH) សម្រាប់ការបង្ហាញខ្លួន ជាលើកដំបូង ក្នុងកម្មវិធី Mas Fight នៅលើសង្វៀនថោន ទៅហើយ។
តែទោះបីជាយ៉ាងណា កីឡាករធ្លាប់ប្រកួតត្រឹម១៧ដង ឈ្នះ១៣ ចាញ់៤ និងផ្តួលគូប្រកួតឱ្យសន្លប់ចំនួន១១ដង សូដា កូម៉ាន់ បានព្យាយាមងើបឡើងទាំងវង្វេងវង្វាន់ បន្ទាប់ពីរូបគេ បានទទួលរងការម៉ាត់ចូលផ្តួនៗ ពីសំណាក់អ្នកប្រយុទ្ធ វីន័រឡាស ចាន់រាជ បណ្តាលឱ្យដួលផ្កាប់មុខ នៅក្នុងនាទីទី៤នោះ។
នៅពេលសួរថា តើមានអ្វីជំរុញចិត្តដល់រូបគេ ចំពោះការខំប្រឹងក្រើកឈរ បន្តការប្រកួតទាំងវង្វេងនេះ សូដា កូម៉ាន់ បានឆ្លើយតបថា៖«ការខំប្រឹងងើបឡើង ដើម្បីបន្តការប្រកួតនេះ គឺ ខ្ញុំនឹកឃើញប៉ា ព្រោះប៉ាជាកម្លាំងចិត្ត ហើយខ្ញុំដឹងថាគាត់កំពុងមើលការប្រកួតរបស់ខ្ញុំ តាមការផ្សាយផ្ទាល់ នៅផ្ទះ។ គាត់តែងទូរស័ព្ទជូនពរដល់ខ្ញុំ ហើយប្រាប់ថា ស៊ូៗកូន យកជ័យជម្នះឱ្យបាន ប៉ុន្តែខ្ញុំធ្វើអត់បានល្អទេ គឺបានត្រឹមស្មើ»។
តាមរយៈការប្រកួត កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ សូដា កូម៉ាន់ បានព្យាយាមប្តូរកណ្តាប់ដៃជាមួយ VINUELAS CHANRACH យ៉ាងហានក្លា ប៉ុន្តែការម៉ាត់ឆ្វេងស្តាំចូលពេញៗ ពីសំណាក់កីឡាករអេស្ប៉ាញរូបនេះ ធ្វើឱ្យ កូម៉ាន់ ដេកនៅលើសង្វៀន។ អាជ្ញាកណ្តាល បានធ្វើការរាប់ទៅលើ កូម៉ាន់ ភ្លាមៗ ប៉ុន្តែកីឡាករកម្ពុជារូបនេះ បានព្យាយាមក្រោកឈរ ដើម្បីបន្តការប្រកួតទាំងស្មារតីវង្វេងវង្វាន់។
ស្ថិតក្នុងស្ថានភាពនោះ VINUELAS CHANRACH បានព្យាយាមចូលវាយសម្រុកទៅលើ សូដា កូម៉ាន់ យ៉ាងខ្លាំង ក្នុងបំណងផ្តួលឱ្យសន្លប់តែម្តង ប៉ុន្តែការព្យាយាមវាយបកដោយដោយកណ្តាប់ដៃ និងកែង បានធ្វើឱ្យកីឡាករអេស្ប៉ាញនេះ ស្រុតកម្លាំងវិញ ហើយលែងសូវហ៊ានវាយសម្រុកទៀត។
បន្ទាប់ពីគេចផុតពីគ្រោះថ្នាក់នេះ សូដា កូម៉ាន់ បានបង្ហាញការប្រកួតល្អវិញ ហើយបានវាយកីឡាករ VINUELAS CHANRACH ឡើងចង់ទ្រមខ្លួនផងដែរ មុនពេលអ្នកទាំង២ ត្រូវបានប្រកាសឱ្យស្មើគ្នា តាមច្បាប់របស់ Mas Fight គឺបើគ្មានអ្នកសន្លប់ ឬបោះបង់ការប្រកួត ក្រោយការប្រកួត៩បាទីទីពេញ ត្រូវកំណត់ឱ្យស្មើគ្នា។
ជាមួយគ្នានេះ សូដា កូម៉ាន់ ក៏បានសូមទោសដល់អ្នកគាំទ្រផងដែរ ដែលរូបគេមិនអាចផ្តួលគូប្រកួតបាន ដើម្បីយកប្រាក់រង្វាន់បន្ថែម ដូចការរំពឹងទុកនោះ។ កូម៉ាន់ បានបញ្ជាក់ថា៖ «គាត់ល្អដៃ និងធ្ងន់ទៀត ហើយនៅមុនការប្រកួតនេះ ខ្ញុំបុកហាត់ច្រើន គឺរត់ច្រើន រួចចូលហាត់ស៊ីហ្វច្រើន និងបានឡាំជង្គង់ច្រើន តែការប្រកួតនេះ ខ្ញុំអត់បានចូលឡាំជង្គង់ទេ ព្រោះរាងខ្លាចក្លេរបស់គេដែរ ដោយសារ VINUELAS CHANRACH ពូកែខាង MMA។ ខ្ញុំសូមទោសដល់ពុកម៉ែ បងប្អូន ទាំងអស់ ដែលគាំទ្រដល់ខ្ញុំបាទ ព្រោះថ្ងៃនេះ ខ្ញុំធ្វើអត់បានល្អទេ តែខ្ញុំសូមប្តេជ្ញាថា ថ្ងៃក្រោយ ខ្ញុំនឹងខំប្រឹងប្រែងធ្វើឱ្យបានល្អ»៕