បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo កាលពីថ្ងៃ​អង្គារ បាន​ច្រាន​ចោល​ព័ត៌​មាន​ថា រូប​គេ​កំពុង​តែ​ព្យា​យាម​វិល​ទៅកាន់​ក្លិប Real Madrid ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង ក្រោយពី​លោក​គ្រូបង្វឹក Carlo Ancelotti បានបញ្ជាក់​ដូច​គ្នា លោក​នឹង​មិន​នាំ​យក​ខ្សែ​ប្រយុទ្ធ​របស់​ក្លិប Juventus រូប​នេះ​ទៅកាន់​អេ​ស្ប៉ាញ​ឡើយ​។

នៅ​លើ​បណ្តាញ​សង្គម Instagram កីឡាករ Ronaldo បាន​សរសេរ​ថា «រឿង​រ៉ាវ​របស់​គេ​នៅ​ក្លិប Real Madrid គឺ​ជា​រឿង​ដែល​ត្រូវ​បាន​គេ​ប្រឌិត​ឡើង» បើ​ទោះ​បី​រូប​គេមិន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា រូប​គេមិន​បាន​សម្លឹង​រក​ផ្លូវ​ចាក​ចេញពីក្លិប Juventus ក៏ដោយ​។ រូប​គេ​បាន​បញ្ជាក់ថា ព័ត៌​មាន​ចរចាម​អា​រ៉ាម​បែប​នេះ គឺ​ជា​ការ​មិន​បង្ហាញពីការ​គោរព ទាំងលើ​រូបគេ និង​រាល់​ក្លិប​ដែល​ពាក់​ព័ន្ធ​ទាំង​អស់ ក៏ដូច​ជា​កីឡាករ​ និង​បុគ្គលិក​របស់​ពួក​គេផង​ដែរ​។

Ronaldo បាន​ឲ្យដឹង​ថា៖ «មាន​ព័ត៌​មាន​ និង​រឿង​រ៉ាវ​ជាច្រើន ទាក់ទង​នឹង​ខ្ញុំ ជាមួយនឹង​ក្លិប​មួយ​ចំនួន ក្នុង​ក្រ​ខ័ណ្ឌលីក​ផ្សេង​ៗ​គ្នា ដោយ​គ្មាន​នរណា​ម្នាក់​ព្យា​យាម​ស្វែង​រក​ការ​ពិត​ឡើយ​។ ពេល​នេះ ខ្ញុំ​ត្រូវ​តែ​ចេញ​មុខ​និយាយ ដើម្បី​កុំ​ឲ្យ​មាន​មនុស្ស​និយាយ​ពី​ខ្ញុំ​ទៀត​។ ខ្ញុំ​នៅ​តែ​ផ្តោត​លើ​អាជីព និង​ការ​ងាររបស់​ខ្ញុំ ហើយ​ត្រៀម​ខ្លួន​រួច​រាល់ចំពោះ​រាល់​ការ​ប្រជែង​​នានា ដែល​ខ្ញុំ​ត្រូវ​តែជួប​ប្រទះ»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia