បរទេស៖ ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang និង Alexandre Lacazette បាន​អវត្ត​មាន​ក្នុង​​ពេល​ចាញ់ក្រុម Brentford នា​ការ​ប្រកួតបើក​រដូវ​កាល​កាលពីសប្តាហ៍​មុន ដោយ​សារ​តែ​តេស្ត​ឃើញ​ជា​វិជ្ជ​មាន​លើ​វីរុស​កូវីដ ១៩​។

នេះ​បើយោង​ទៅ​តាមការ​បញ្ជាក់​របស់​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League មួយនេះ កាលពី​ថ្ងៃព្រហស្បតិ៍​។ ស្រប​ពេល​ដែល Aubameyang បាន​ទទួល​លទ្ធផល​អវិជ្ជមាន​វិញ ហើយ​អាច​នឹង​​ចូល​លេង​ពេល​ប្រកួត​ជាមួយនឹងក្រុម Chelsea នៅ​ថ្ងៃ​អាទិត្យ ខ្សែ​ប្រយុទ្ធ Lacazette នៅ​តែ​ត្រូវការ​ពេល​សម្រាក​ព្យា​បាលបន្ថែមទៀត​។ កីឡាករ​ផ្សេង​ទៀត​ដែល​តេស្ត​ឃើញ​វិជ្ជមាន រួម​មាន​អ្នក​ចាំទី Alex Runarsson និង​ខ្សែ​បម្រើស​ស្លាប Willian ខណៈ​ដែល​កីឡាករ​ទាំង​២​ប្រហែល​ជា​មិន​អាច​ចូល​លេង​ក្នុង​ពេល​ប៉ះក្រុម Chelsea នៅ​កីឡដ្ឋាន Emirates បានឡើយ​។ ក្រុម​របស់​លោក Mikel Arteta ដែល​ជា​អ្នកចាត់​ការ​ទូទៅ ក៏​មាន​បញ្ហា​ដោយ​សារ​តែរបួស​កីឡាករ​ផង​ដែរ ខណៈ​ដែល Thomas Partey, Gabriel Magalhaes និង Eddie Nketiah សុទ្ធសឹង​ត្រូវ​អវត្តមាន​សម្រាប់​ការ​ប្រកួត​នៅ​​ចុងសប្តាហ៍​នេះ​។

ក្រុម Arsenal ដែល​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ២-០ លើ​ទឹកដីក្រុម Brentford កាល​ពី​សប្តាហ៍​មុន ត្រូវ​មាន​​ការ​ប្រកួត​ដ៏ស្វិត​ស្វាញ​ជាច្រើន ដោយ​បន្ទាប់​ពីការ​ប្រកួត​ជាមួយនឹង Chelsea ពួក​គេ​ត្រូវ​ធ្វើ​ដំណើរទៅកាន់ទឹកដីក្រុម​ម្ចាស់ការ​ពារ​ជើង​ឯក Manchester City​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia