បរទេស៖ ខ្សែ​ប្រយុទ្ធ Romelu Lukaku បាន​ចាត់​ទុក​ការ​បង្ហាញខ្លួនឲ្យ Chelsea ​ជាលើក​ដំបូងលើក​ទី​២​របស់​​គ «គឺ​ជា​ការ​bបង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ» ក្រោយពី​បាន​រក​គ្រាប់បាល់​ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ជាលើក​ដំបូង​របស់​គេ​សម្រាប់​ក្រុម​តោ​ខៀវ​ ខណៈ​ដែល​ក្រុម​ម្ចាស់​ជើង​​​​​ឯក​ទ្វីប​អឺ​រ៉ុបមួយនេះ បាន​ផ្តួលក្រុម Arsenal ក្នុងលទ្ធ​ផល ២-០ កាល​ពីថ្ងៃ​អាទិត្យ​។

តារាឆ្នើម​អន្តរ​ជាតិ​បែលហ្ស៊ិក​រូបនេះ បាន​វិល​ទៅកាន់កីឡដ្ឋាន Stamford Bridge វិញ ក្នុង​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​របស់​ក្លិប​គឺ​៩៧លានផោន (ស្មើ​នឹង​១៣២លានដុល្លារ​អាមេរិក) ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​សំខាន់​ម្នាក់​ដើម្បី​ជួយ​ឲ្យ​ក្រុម​ Chelsea ម្ចាស់​ជើង​​​ឯក Champions League ក្លាយ​ជា​ជើង​ខ្លាំង​ក្នុងក្រប​ខ័ណ្ឌ Premier League​។ ក្រុមរបស់​លោក Thomas Tuchel បាន​ចាប់​ផ្តើម​យ៉ាង​ល្អ ខណៈ​ដែលពួក​គេ​រក​បាន​៦ពិន្ទុ​ពេញ បាន​ស៊ុត​បាល់​បញ្ចូល​ទី​៥គ្រាប់ និង​មិន​របូត​សូម្បី​តែ​១​គ្រាប់ ពីការ​ប្រកួត​បើកឆាក​២លើក​ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​រដូវ​កាល​នេះ​​។

ផ្ទុយ​ទៅ​វិញ ក្រុម Arsenal មិន​ទាន់​រក​បាន១ពិន្ទុ​ ឬក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១គ្រាប់​នៅឡើយ​ទេ ខណៈ​ដែល​គម្លាតរវាងក្រុមរបស់​លោក Mikel Arteta និង​ក្រុម​​ជា​បេក្ខ​ភាព​ប្រជែង​ពាន បាន​បង្ហាញឲ្យ​ឃើញ​យ៉ាង​ច្បាស់​។ ទាក់​ទង​នឹង​ទម្រង់​លេង​របស់​គេ Lukaku បាន​ឲ្យដឹង​ថា៖ «ខ្ញុំ​និយាយ​ថា ជា​ការ​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ​។ យើង​បាន​ដឹង​ថា នេះ​ជា​ការ​ប្រកួត​ដ៏​ធំមួយសម្រាប់​យើង​។ គ្រប់គ្នា​កំពុង​តែមើល​យើង​ ហើយ​យើង​ធ្វើបានយ៉ាងល្អ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia