បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ស្រងាក​ចិត្ត​ដោយ​សារ​តែ​គ្រាប់​បាល់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​របស់​គេ​មិន​ត្រូវ​បាន​យក​ជាផ្លូវ​ការ ក្រោយ​ពី​ការ​តែត​បាល់​បំ​ប៉ោង​សំណាញ់​ទី​របស់​គេ​សម្រាប់ក្រុម Juventus ត្រូវ​បាន​ចាត់​ទុក​ថា ជា​បាល់ offside ក្នុ​ង​ពេល​ទទួល​បាន​លទ្ធផល​ត្រឹម​ស្មើ ២-២ ជាមួយនឹងក្រុម Udinese​។

ជាមួយ​គ្នា​នេះ លោក Jose Mourinho បាន​ទទួល​ជ័យ​ជម្នះ​នៅ​ថ្ងៃ​បើកឆាក​ជាមួយនឹងក្រុម Roma តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ៣-១ លើ​ក្រុម Fiorentina ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Tammy Abraham ដែល​បាន​ផ្ទេរ​មកពី Chelsea ក៏​បាន​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​ផង​ដែរ​។ Ronaldo បាន​ស្ថិត​ជា​កីឡាករ​បម្រុង នា​កីឡដ្ឋាន Dacia Arena ក្នុង​ទីក្រុង Udine ស្រប​ពេល​ដែលមាន​ពាក្យ​ចរ​ចាម​អា​រ៉ាម​ថា រូប​គេ​កំពុង​តែ​ស្វែង​រកផ្លូវ​ចេញពី​ក្លិប​យក្ស​អ៊ីតាលី​មួយនេះ ប៉ុន្តែ រូប​គេ​ស្ទើរ​តែ​រក​បាន​៣ពិន្ទុនៅ​នាទី​បន្ថែម​ទៅ​ហើយ ក្រោយពី Juventus បាន​បញ្ជាក់ថា រូប​គេ​នឹង​មិន​ទៅ​ណា​ឡើយ នៅ​រដូវ​កាល​នេះ​។ ក្រោយពីការ​ប្រកួតនេះ លោកគ្រូបង្វឹក Massimiliano Allegri បាន​ព្យា​យាម​បន្ថយ​ភាព​ចម្រូង​ចម្រាស់តាមរយៈ​ការ​និយាយ​ថា រូប​លោក​តែង​តែ​មាន​គម្រោង​ដាក់​ឲ្យ Ronaldo លេង​ក្នុង​ជម្រើស​ដំបូង​ជា​និច្ច​​។

លោកបានឲ្យដឹងថា៖ «Cristiano មិនមាន​បញ្ហា​ឡើយ​​។ នេះ​គឺ​ជា​ការ​ចាប់​ផ្តើម​រដូវកាល និង​ជា​ការ​ពិនិត្យមើលពី​លក្ខខណ្ឌ​ដែលគ្រប់គ្នាមាន ក៏ដូច​ជា​ការ​គិត​ពីការ​ប្រកួតនេះ​ ជាពិសេស​នៅពេល​ដែល​ខ្ញុំ​ដាក់​ឲ្យរូបគេស្ថិត​ជា​កីឡាករ​បម្រុង​ដោយ​ដឹង​​ថា រូប​គេ​ចាំ​បាច់​ត្រូវ​តែ​ចូលលេង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia