បរទេស៖ ការ​ប្រកួតក្រប​ខ័ណ្ឌបារាំង Ligue 1 រវាងក្រុម Nice និង Marseille ត្រូវ​បាន​ផ្អាក កាលពីថ្ងៃ​អាទិត្យ នៅពេល​ដែល​អ្នក​គាំទ្រ​របស់​ក្រុម​​ម្ចាស់​ផ្ទះ​បាន​រត់​ចូល​​ទីលាន​ប្រកួត និងប៉ះ​ទង្គិច​ជា​មួយ​នឹង​កីឡាករ​ជា​គូ​បដិបក្ខ Dimitri Payet ដែល​បាន​គប់​ដបដែល​ត្រូវ​បាន​គប់​​លើ​រូប​គេ ទៅកាន់​អ្នកគាំទ្រ​វិញ នៅ​មុន​ពេល​ជម្លោះ​ផ្ទុះ​ឡើង​រវាង​កីឡាករ និង​អ្នក​គាំទ្រ​។

ក្រុម Marseille បាន​បដិសេធក្នុង​ការ​បន្ត​ការ​ប្រកួត ខណៈ​ដែល​មន្ត្រី​ប្រចាំ​ក្លិប បាន​អះ​អាង​ថា កីឡាករ​របស់​ពួក​គេ​បាន​រង​នូវ​ការ​វាយ​ប្រហារ ហើយថា សុវត្ថិភាព​របស់​ពួកគេ​មិនត្រូវ​បាន​ធានាឡើយ​។ បញ្ហា​នៅ​កីឡដ្ឋាន Allianz Riviera បានផ្ទុះ​ឡើ​ងនៅ​នាទី ទី​៧៥ នៅ​ពេល​ដែល​តា​រាឆ្នើម​របស់​ក្លិប Marseille គឺ Payet ដែល​បាន​ក្លាយ​ជា​គោល​​ដៅ​​នៃការ​ចោល​ដប​ជ័រ​ពី​​លើ​គ្រប់​ពេល​ដែល​រូប​គេ​​បាន​ទាត់​បាល់​ជ្រុង​នោះ បាន​ចោល​ដប​មួយ​ទៅកាន់​អ្នក​គាំទ្រ​របស់ Nice​​។

បន្ទាប់មក អ្នក​គាំទ្រ​ដែល​ខឹង​សម្បារ បាន​រត់​ចូល​ទីលាន​ប្រកួត ដោយ​បាន​គំ​រាម​ទៅលើ Payet នៅមុន​ពេល​​អាជ្ញា​កណ្តាល​បាន​នាំក្រុម​ទាំង​២ទៅកាន់​កន្លែង​សុវត្ថិភាព​ក្នុង​បន្ទប់​ផ្លាស់ប្តូរ​សម្លៀក​បំពាក​។ ក្រុម​សន្តិសុខ បាន​ព្យា​យាម​ទប់​ស្កាត់​ការ​រត់​ចូលទីលាន នៅមុន​ពេល​ជម្លោះបានផ្ទុះ​ឡើង​រវាងកីឡាករ បុគ្គ​លិក និងអ្នក​គាំទ្ររវាងក្រុម​ទាំង​២​៕

ប្រភព​ព័ត៌​​មាន៖ Channel News Asia