បរទេស៖ ក្រុម​ញញួរ​ធំ West Ham បាន​បន្ត​ការ​ចាប់​​ផ្តើម​យ៉ាងល្អ​ឥត​ខ្ចោះ​របស់​ពួក​គេ នៅ​រដូវ​កាល​នេះ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Michail Antonio បាន​ក្លាយ​ជា​អ្នក​រក​បាន​គ្រាប់បាល់ច្រើន​ជាង​គេ​ក្នុងក្រប​ខ័ណ្ឌ Premier League ប្រចាំ​ក្លិប ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ពេល​យកឈ្នះ​លើ​ក្រុម Leicester ក្នុងលទ្ធ​ផល ៤-១ កាលពីថ្ងៃ​ចន្ទ​។

ក្រុម​របស់​លោក David Moyes បាន​រក​គ្រាប់បាល់​នាំមុខ​មុន តាមរយៈ​គ្រាប់បាល់​របស់ Pablo Fornals នៅ​តង់​ទី​១ នា​កីឡដ្ឋាន London​។ ក្រោយមក ខ្សែ​ប្រយុទ្ធ Ayoze Perez របស់​ក្លិប Leicester បាន​រង​ពិន័យកាតក្រហម សម្រាប់​ការ​ប្រជែង​ដណ្តើម​បាល់​ដ៏គ្រោះ​ថ្នាក់​លើកីឡាករ Fornals នៅ​មុន​ពេល​បញ្ចប់​តង់​ទី​១​។ ខ្សែ​បម្រើ Said Benrahma បាន​រក​គ្រាប់បាល់​ទី​២​សម្រាប់​ក្រុម West Ham នៅមុន​ពេល​ខ្សែ​បម្រើ Youri Tielemans បាន​វាយ​បក​១គ្រាប់​វិញ​សម្រាប់​ក្រុម Leicester​។

ខ្សែ​ប្រយុទ្ធ Antonio បាន​ចូល​លេងក្នុងការ​ប្រកួត​នេះ ដោយមាន​កំណត់ត្រា​នៃការរក​គ្រាប់បាល់​ស្មើ​ជាមួយនឹង Paolo Di Canio ក្រោយពី​រក​បាន​៤៧គ្រាប់​ដូចគ្នា សម្រាប់​ក្រុម West Ham ក្នុង​សម័យ​កាល Premier League​។ កីឡាករវ័យ​៣១ឆ្នាំ​រូបនេះ បាន​​បំ​បែកកំណត់ត្រា​តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ នៅ​ជិតបញ្ចប់​ការ​ប្រកួត ខណៈ​ដែល West Ham បានបន្ត​ទទួល​ជ័យ​ជម្នះ​ ក្រោយពី​បាន​ផ្តួលក្រុម Newcastle ក្នុងលទ្ធ​ផល ៤-២ កាលពីថ្ងៃ​បើក​រដូវ​កាល​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia