គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកំណត់ពេលវេលាច្បាស់លាស់រួចហើយ ដើម្បីបញ្ចប់ការប្រកួតជើងទី១នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ហើយ CNCC នឹងមិនមានការពន្យារពេល ការប្រកួតជាថ្មីទៀត នោះទេ។
ជាមួយការកំណត់ពេលវេលានៃការប្រកួតនេះ CNCC បានឱ្យដឹងថា ការប្រកួតលីគកំពូលកម្ពុជា ដែលបានផ្អាក ឬពន្យារពេលការប្រកួតចំនួន៣សប្តាហ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ប្រភេទថ្មី «ដែលតា» ជាមួយរាជរដ្ឋាភិបាលកម្ពុជានោះ នឹងបើកការប្រកួតវិញ នៅថ្ងៃអាទិត្យនេះ ដែលជាជំនួបរវាងក្រុមខ្លាំង ភ្នំពេញក្រោន និងកងយោធពលខេមរភូមិន្ទ។
ចំណែកការប្រកួតជាបន្តបន្ទាប់ទៀត ក៏ត្រូវបាន CNCC កំណត់ពេលវេលាច្បាស់លាស់អស់ហើយដែរ សម្រាប់ការប្រកួតសេសសល់ចំនួន១៨គូ នៅជើងទី១នេះ ដោយក្នុងនោះ CNCC បានកំណត់យកពេលប្រកួតចំនួន៩ថ្ងៃ គឺថ្ងៃទី២៩ ខែសីហា (មាន១គូ) ថ្ងៃទី១ ខែកញ្ញា (១គូ) ថ្ងៃទី៤ (៣គូ) ថ្ងៃទី៥ (៣គូ) ថ្ងៃទី៨ (២គូ) ថ្ងៃទី៩ (១គូ) ថ្ងៃទី១១ (៣គូ) ថ្ងៃទី១២ (៣គូ) និងថ្ងៃទី១៥ ខែកញ្ញា (១គូ)។
សម្រាប់ការបើកឱ្យមានការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២១ ឡើងវិញនេះ ត្រូវបានមន្រ្តីរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងគ្រុបតេឡេក្រាម ថា៖ «មិនអាចបន្តពន្យារ(ការប្រកួតលីគកំពូលកម្ពុជា) ឡើយ ព្រោះបើពន្យារពេលទៀត មានតែលេងមិនចប់»៕



