បរទេស៖ លោក Mikel Arteta សង្ឃឹម​ថា ការ​វិល​ត្រឡប់​របស់ Pierre-Emerick Aubameyang នឹង​ជួយ​ឲ្យ​ក្រុម Arsenal វិល​ទៅ​រក​ភាពខ្លាំង​វិញ ក្រោយពី​តារាឆ្នើម​អន្តរ​ជាតិ​ហ្គា​បុង​រូបនេះ បាន​​អប​អរ​ការបង្ហាញខ្លួន​ជាលើក​ដំបូង​របស់​គេ​នៅ​រដូវ​កាល​នេះ ជាមួយនឹងការ​ស៊ុត​បាល់​បញ្ចូល​ទី​៣គ្រាប់ ក្នុង​ពេល​ក្រុម​ខ្លួន​យកឈ្នះ​លើ​ក្រុម West Bromwich Albion ៦-០ ក្នុងការ​ប្រកួត​ League Cup កាលពីថ្ងៃពុធ​។

Aubameyang បាន​អវត្ត​មាន​ក្នុង​ពេលក្រុម Arsenal បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Brentford ក្នុងការ​ប្រកួត​បើក​រដូវ​កាល​នៃក្រប​ខ័ណ្ឌ Premier League របស់ពួកគេ បន្ទាប់​ពី​រូប​គេ​បាន​ឆ្លង​វីរុសកូវីដ ១៩​។ ប្រធានក្រុម​របស់ Arsenal រូបគេ​បាន​ចូលលេង​ក្នុង​នាម​ជាកីឡាករ​បម្រុងក្នុងពេលក្រុម​ខ្លួន​បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ២-០ ពេល​ប្រកួត​ជាមួយនឹងក្រុម Chelsea ប៉ុន្តែ មិន​អាច​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​គេច​ផុត​ពី​ការ​ជួប​លទ្ធផល​ដ៏ខកចិត្ត​បំផុត​នៅ​ដើម​រដូវកាល​នេះ​ឡើយ​។ ស្រ​បពេល​ដែល​សម្ពាធ​ផ្សេង​ៗ​បាន​ធ្លាក់​ទៅ​លើ​គ្រូបង្វឹក​របស់ Arsenal លោក Arteta ខ្សែ​ប្រយុទ្ធ Aubameyang បាន​សង្គ្រោះ​ក្រុម​ខ្លួន​នៅពេល​ប្រកួត​ជាមួយនឹងក្រុម West Bromwich របស់​ក្រប​ខ័ណ្ឌ Championship នាកីឡដ្ឋាន Hawthorns​។

នៅពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​ថា ការ​វិល​ត្រឡប់​របស់​អ្នក​គាំទ្រ ក្រោយពី​ការ​បញ្ចប់​ការ​រិតត្បិត​ដោយ​សារតែ​បញ្ហា​កូវីដ ១៩ អាច​បង្កើត​ឲ្យ​មានការ​ប្រែ​ប្រួលទៅលើ​ទម្រង់​លេងរបស់ Aubameyang ឬ​យ៉ាង​ណា លោក Arteta បាន​ឆ្លើយ​តប​ថា៖ «ខ្ញុំក៏​សង្ឃឹម​អ៊ី​ចឹងដែរ​។ ពិតណាស់ រូប​គេ​ពិត​ជា​រីក​រាយ ហើយ​រូបគេ​ត្រូវ​ការ​ទំនាក់ទំនង​ជាមួយនឹង​មនុស្ស ជាមួយនឹង​ក្រុមគ្រួ​សារ មិត្តភក្តិ និង​អ្នក​គាំទ្រ​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia