បរទេស៖ ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ចូល​លេង​ក្នុងនាម​ជាកីឡាករ​បម្រុង ដើម្បី​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់​គេ​សម្រាប់​ក្លិប Paris Saint-Germain កាលពីថ្ងៃ​អាទិត្យ ប៉ុន្តែ ខ្សែ​ប្រយុទ្ធ Kylian Mbappe បាន​ដណ្តើម​យក​ការ​ចាប់​អារម្មណ៍​នានា តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង​២​គ្រាប់​ក្នុង​ពេល​ក្រុមខ្លួន​បានយកឈ្នះ​លើ​ក្រុម Reims ក្នុងលទ្ធ​ផល ២-០ ក្នុង​ការ​ប្រកួតក្រ​ប​ខ័ណ្ឌ ​Ligue 1​។

Messi ដែល​​ពាក់​អាវ​លេខ​៣០ បាន​ចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​នៅនាទី ទី​៦៦ ដើម្បី​ជំនួស Neymar នៅកីឡដ្ឋាន Stade Auguste-Delaune ដែលជាកន្លែង​​អ្នក​គាំទ្រ​ប្រមាណ​ជា​២១០០០នាក់ បាន​ស្រែក​ច្រៀង​ឈ្មោះ​របស់​គេ ក្នុង​ពេល​រូប​គេ​បាន​បង្ហាញខ្លួន​ក្នុង​​ការ​​​កម្តៅ​សាច់​។ តារាឆ្នើម​អន្តរ​ជាតិ​អា​ហ្សង់​ទីន​រូបនេះ មិនធ្លាប់​បាន​ចូល​លេង​សោះ​បើ​គិត​ចាប់​តាំងពី​ផ្ទេរ​ទៅកាន់​ទីក្រុង​ប៉ា​រីស ពីក្លិប Barcelona កាលពី​ជិត​៣​សប្តាហ៍​មុន ខណៈ​ដែល​ការ​បង្ហាញខ្លួន​ជាលើកចុងក្រោយ​របស់​គេ បាន​កើត​​ឡើង​ក្នុងការ​ប្រកួត​ព្រឹត្តិការណ៍ Copa America វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃ​ទី​១១ ខែ​កក្កដា ដែលនៅ​​ពេលនោះ​ប្រទេស​របស់​គេ​បាន​យកឈ្នះ​លើ​ប្រេស៊ីល​។

ម្ចាស់​ពាន​រង្វាន់​បាល់​មាស​ Ballon d’Or ៦​សម័យ​កាល​រូបនេះ នឹង​ត្រូវ​តែ​រង់​ចាំ​ការរក​គ្រាប់បាល់​ជាលើកដំបូង​សម្រាប់​ក្លិប​ថ្មី​របស់​គេ និង​ការ​ចូល​លេង​ក្នុង​ជម្រើស​ទាំង​១១​នាក់ដំបូង​ជាលើក​ទី​១​របស់​គេ ដែល​អាច​នឹង​កើត​ឡើងក្នុង​ពេលក្រុម PSG ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួលក្រុម Clermont ក្នុង​ការ​ប្រកួត​បន្ទាប់ នា​ថ្ងៃ​ទី​១១ ខែ​កញ្ញា​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia