បរទេស៖ ក្រុម Tottenham Hotspur បាន​រក្សា​កំណត់ត្រាយ៉ាង​ល្អ​១០០%របស់​​ពួក​គេ​នៅ​ដើម​រដូវ​កាល​នៃក្រប​ខ័ណ្ឌ Premier League ក្រោយពី​បាន​យកឈ្នះ​ក្នុងលទ្ធផល ១-០ លើ​ក្រុម Watford កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Son Heung-min ជាអ្នក​រក​​បាន​គ្រាប់បាល់​កាត់សេចក្តី​ក្នុង​តង់​ទី​១​។

Son បាន​ស៊ុត​បាល់​ពិន័យ Free-kick ចូលក្នុង​ប្រអប់​ទី​យ៉ាងល្អ ពី​តំបន់​ខាង​ឆ្វេង ខណៈ​ដែល​អ្នក​ចាំ​ទី Daniel Bachmann របស់ Watford មិន​អាច​សង្គ្រោះ​បាល់​បាន​ឡើយ នៅ​រយៈពេល​៣​នាទី​ចុក្រោយ​នៃ​ការ​ប្រកួត​តង់​ទី​១​។ នេះ​គឺ​ជា​គ្រាប់​បាល់​ទី​៧២​រសប់​តារាឆ្នើម​អន្តរ​ជាតិកូរ៉េ​ខាង​ត្បូ​ង​រូបនេះ ក្នុងការ​បង្ហាញខ្លួន​​ជាលើក​ទី​២០០​របស់គេក្នុងក្រប​ខ័ណ្ឌ Premier League សម្រាប់​ក្លិប Spurs ដើម្បី​ជួយ​ឲ្យ​ពួកគេ​រក្សា​កំណត់ត្រា​យ៉ាងល្អ​១០០% ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក Nuno Espirito Santo និង​ជួយ​ឲ្យពួក​គេ​ឡើង​ឈរ​លើ​កំពូល​តារាង​ ដោយមាន​៩ពិន្ទុ​ពេញ ពីការ​ប្រកួត​៣លើក​។

Tottenham នឹង​ឈាន​ទៅកាន់ថ្ងៃ​សម្រាក​​សម្រាប់​ការ​ប្រកួត​អន្តរ​ជាតិ​ ក្រោយពី​បាន​ឈ្នះ​ការ​ប្រកួត​ទាំង​៣លើក​ក្នុងលទ្ធផល ១-០ ដូចគ្នា ស្រប​ពេលដែល Watford ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​១២ ដោយមាន​៣ពិន្ទុ ហើយ​ក្រុម Spurs នឹង​ពេញ​ចិត្ត​ជាមួយនឹង​ទម្រង់​លេង​របស់​ក្រុមខ្លួន បើ​ទោះ​បី​មាន​ភាព​ជ្រួល​ច្របល់​ជុំ​វិញ​ខ្សែ​ប្រយុទ្ធ Harry Kane ក៏ដោយ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia