បរទេស៖ ក្លិប Real Madrid បាន​ទទួល​បរា​ជ័យ​ជាមួយ​នឹង​​សំណើដេញ​ថ្លៃ​​នៅ​ថ្ងៃ​ចុងក្រោយ​ជាមួយនឹង​ទឹក​ប្រាក់​២០០លាន​អឺ​រ៉ូ (ស្មើ​នឹង​២៣៦​លានដុល្លារ​អាមេរិក) ដើម្បី​ទិញ​យក​ខ្សែ​ប្រយុទ្ធ Kylian Mbappé ពីក្លិប Paris Saint-Germain​ ប៉ុន្តែ បាន​​នាំ​យក​ខ្សែ​បម្រើ​​​វ័យ​ក្មេងដ៏​ឆ្នើម​​អន្តរ​ជាតិ​បារាំង Eduardo Camavinga​​។

Camavinga វ័យ​១៨​ឆ្នាំ បាន​ចូលរួម​ក្នុង​កិច្ច​សន្យា​រយៈពេល​៦​ឆ្នាំ ពី​ក្លិប Rennes  ក្នុង​តម្លៃ​ខ្លួន​៣១លាន​អឺ​រ៉ូ បូក​រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​នានា​ចំនួន​៩​លាន​អឺ​រ៉ូ​ផ្សេង​ទៀត​។ ប៉ុន្តែ ក្លិប Real Madrid ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួល​ស្គាល់​បរា​ជ័យនៅ​ដំណាក់​កាល​ចុងក្រោយ​ ក្នុងការ​ព្យា​យាម​ប្រមាញ់​ទិញ Mbappe នៅពេល​ដែល​ PSG បាន​បដិ​សេធ​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​ចុងក្រោយ​បំផុត​របស់​ពួកគេ​។ ការ​ដាក់​សំណើ​ដេញ​ថ្លៃ​របស់​ក្លិប Real នឹង​ធ្វើ​ឲ្យ​ក្លិប PSG ទទួល​បាន​ប្រាក់​ចំណូល​លើ​តម្លៃខ្លួន​២០០លាន​អឺ​រ៉ូ ដែល​ជា​ការ​ចំណេញ​តិច​តួច​ប៉ុណ្ណោះ បើ​ធៀប​ទៅ​នឹង​ទឹក​ប្រាក់​ចំនួន​១៨០លា​ន​​អឺ​រ៉ូ ដែលពួកគេ​បាន​ចំណាយ​ទិញរូប​គេពីក្លិប Monaco​។

ប៉ុន្តែ សំណើ​ដេញថ្លៃ​នេះ បានកើត​ឡើង​ចំ​ពេល​ដែល Mbappé នៅ​ជាប់​កិច្ច​សន្យា​តិច​ជាង​រយៈ​​ពេល​១​ឆ្នាំ​ប៉ុណ្ណោះ​។ ជាមួយ​គ្នានេះ PSG បាន​នាំ​យក​ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង Nuno Mendes វ័យ​១៩ឆ្នាំ ពី​ក្លិប Sporting Lisbon ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើងក្នុង​តម្លៃ​ខ្លួន​៤លាន​អឺ​រ៉ូ ជាមួយ​នឹង​ជម្រើស​ទិញ​យកដាច់ក្នុង​តម្លៃ​ខ្លួន​៤០​លាន​​អឺ​រ៉ូ​៕

 

ប្រភព​ព័ត៌មាន៖ The Guardian