បរទេស៖ ការចុះហត្ថលេខានាំយកវីរបុរស Cristiano Ronaldo ពី Juventus មកកាន់ទឹកដី Old Trafford វិញបានជម្រុញអោយក្លឹប Man Utd ត្រូវបានគេមើលឃើញថាបានបង្កើនប្រាក់ចំណូល ប្រមាណ ៣០ លានផោនពីការផ្សាយពាណិជ្ជកម្មក្នុងរយៈពេល ១២ ខែខាងមុខនេះយោងប្រភពគេហទំព័រ Daily Mail បានចុះផ្សាយ។
កីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានសម្រេចផ្លាស់មកលេងនៅលីកកំពូលអង់គ្លេសវ័យ ក្រោយចាកចេញអស់រយៈពេល១២ឆ្នាំ និងត្រូវបានក្លឹបប្រកាសជាផ្លូវការណ៏កាលពីថ្ងៃអង្គារដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងជម្រើសដើម្បីបន្តកុងត្រាថ្មីមួយឆ្នាំបន្ថែមទៀត។ Juventus ក៏បានបញ្ជាក់ពីការបញ្ចប់កិច្ចសន្យាព្រមព្រៀងរបស់ពួកគេផងដែរដោយតម្រូវអោយ Man Utd ត្រូវបង់ប្រាក់មុន ចំនួន ១៥ លានយូរ៉ូនិងរួមទាំងទឹកប្រាក់បូកបន្ថែម ៨ លានយូរ៉ូផ្សេងទៀតសម្រាប់តម្លៃខ្លួនប្រធានក្រុមជម្រើសជាតិព័រទុយ ហ្គាល់រូបនេះ ។
ការមកដល់របស់កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះបានជះឥទ្ធិពលផ្នែកហិរញ្ញវត្ថុភ្លាមៗដល់បិសាចក្រហមខណៈដែលភាគហ៊ុនបានកើនឡើងជិត ១០% ក្នុងតម្លៃបន្ថែមប្រហែល ២១២ លានផោនដល់តម្លៃរបស់ក្លឹប។ Man Utd ក៏ត្រូវបានមជ្ឈដ្ឋានទូទៅជឿជាក់ថានឹងផ្តល់ប្រាក់ពលកម្មនឿយហត់ដល់ម្ចាស់ពានបាល់មាស៥សម័យរូបនេះ ប្រមាណ ៣៨៥.០០០ ផោនក្នុងមួយសប្តាហ៍ដែលធ្វើឱ្យគាត់ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅ Premier League ប៉ុន្តែនៅតិចជាប្រាក់ឈ្នួលដែលរូបគេទទួលបាននៅJuventusគឺប្រមាណ ៥០០.០០០ ផោនក្នុងមួយសប្តាហ៍ឯណោះ៕
ប្រភពព័ត៍មាន៖ Sportsmole