ក្រុម​មានមូលដ្ឋាននៅ​ខេត្តសៀមរាប សូលទីឡូអង្គរ បានប្រើការលេង​ដោយមាន​ទំនួល​ខុសត្រូវរបស់ខ្លួន  ដើម្បបំផ្លាញទិសដៅស្វែងរកការ​ឈ្នះជាលើកដំបូងរបស់ក្រុម​នគរ​បាល​ជាតិ (ប៉ូលិស) សម្រាប់ប្រកួតយ៉ាងស្វិតស្វាញ នៅក្នុង​ផ្ទះរបស់ពួកគេ កាលពីថ្ងៃ​ពុធ ម្សិលមិញ។

គ្រូ​បង្គោលក្រុម​សូលទីឡូអង្គរ លោក អ៊ុក សុធី បាន​ចាត់ទុក​ជំនួប​ជាមួយក្រុមប៉ូលិស កាលពី​ថ្ងៃពុធនោះ ​ថា ជា​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​មួយ សម្រាប់​ក្រុម​សូលទីឡូអង្គរ ដែល​ពួកគេ ចាំបាច់​ទាមទារ​រក​​ពិន្ទុ ដើម្បី​ទៅ​រក​ទីកន្លែង​ ដែល​មាន​សុវត្ថិភាព​មួយ ព្រោះនៅ​មុន​ការប្រកួត​នេះ សូលទីឡូអង្គរ បាន​ឈរ​នៅបាតតារាង ដែល​ជា​តំបន់ត្រូវកាត់ចោល ឱ្យ​ទៅលេង​នៅ​លីគទី២ នៅ​ឆ្នាំ​ក្រោយ។

យ៉ាងណាក៏​ដោយ ជាមួយការ​ផ្តល់​ទំនុក​ចិត្ត​​គ្រប់​បែប​យ៉ាង ទៅ​លើ​កូន​ក្រុម គ្រូបង្វឹក​ថ្មី លោក អ៊ុក សុធី ពិតជា​បានជួប​ភាពសប្បាយ​រីករាយ បន្ទាប់ពី​ក្រុមសូលទីអង្គររបស់​លោក បាន​បង្ហាញការប្រកួតយ៉ាងល្អ ក្រោយការ​តស៊ូយ៉ាងស្វិតស្វាញ ដើម្បី​យក​ឈ្នះលើ​ក្រុមប៉ូលិស ៣-២ នោះ។

តាម​រយៈការប្រកួតនោះ ក្រុមម្ចាស់ផ្ទះសូលទីឡូ បាននាំមុខ ២-០ នៅតង់ទី​១ តាម​រយៈការ​រកបានគ្រាប់បាល់ហ្រីឃីក​យ៉ាង្អ​​របស់ ខ្សែបម្រើ រ័ត្ន សំណាង នៅនាទីទី​២៥ និងការ​ស៊ុត១គ្រាប់ទៀត​របស់ លី ឌុក នៅនាទីទី៤៥+៣។

ទោះ​យ៉ាងណា ចូលដល់តង់​ទី២​ខ្សែបម្រើជប៉ុន Otani Soma រក​បាន​គ្រាប់បាល់បើកឆាក​ឱ្យក្រុមប៉ូលិស នៅនាទីទី​៧២ ហើយ Otani Soma ដដែល បាន​បញ្ជូន​បាល់​ឱ្យ អ៊ុល រ៉ាវី ទាត់បញ្ចូលទីតាមស្មើក្រុមម្ចាស់​ផ្ទះ ២-២ នៅនាទីទី​៧៥ ប៉ុន្តែ​ការ​ប្រកួត​ជិត​បញ្ចប់ទៅហើយនោះ ពោលគឺនៅនាទីទី ៩០+១ រ័ត្ន សំណាង បានតែត​បញ្ចូល​ទី​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​​ឱ្យ​ក្រុមសូលទីឡូអង្គរ យ៉ាងរំភើបបំផុត។

តាម​រយៈការ​យកឈ្នះ ៣-២ វា​មិនត្រឹមតែបានជួយឱ្យក្រុម​សូលទីឡូអង្គរ ហក់​ចេញ​ពី​តំបន់​កាត់ចោល មកឈរ​នៅលេខ​១២ ប៉ុណ្ណោះទេ ប៉ុន្តែវាជ័យជម្នះដ៏​សំខាន់ និងមាន​តម្លៃ​បំផុត ដែល​ពួកគេរកបាន ជា​លើកដំបូង ក្នុងរដូវ​កាលឆ្នាំ​២០២១​នេះ ក្រោមការ​ដឹកនាំរបស់​គ្រូ​បង្វឹកវ័យក្មេង អ៊ុក សុធី។

ផ្ទុយពីនេះ ​ជ័យជម្នះ​របស់​ក្រុមសូលទីឡូអង្គរ នេះ វាបានបំផ្លាញ​​ទិស​ដៅ​នៃ​ការ​កបាន៣ពិន្ទុរបស់គ្រូបង្គោលរបស់ប៉ូលិស លោក អ៊ុក កនយ៉ានិត ព្រោះនៅមុនការប្រកួតនេះ លោកបាន​ប្រាប់ថា «ទិសដៅ​ដែល​យើង​បាន​ដាក់​ចេញ​លើក​នេះ គឺ​ត្រូវ​តែ​ដណ្តើម​ឱ្យ​បាន​៣ ពិន្ទុ» ប៉ុន្តែក្រុមប៉ូលិស មិនអាច​ធ្វើបាននោះទេ ហើយ​ក៏បាន​ធ្លាក់ទៅ​ឈរនៅបាតតារាង ជំនួស​ក្រុមសូលទីឡូអង្គរវិញ ដោយមាន​ពិន្ទុដដែល និងជា​ក្រុមតែមួយគត់ ដែលមិនទាន់​រក​ឃើញ​ការ​ឈ្នះ នៅរដូវកាលនេះ៕