បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo នឹង​ពាក់​លេខ​៧ម្តង​ទៀត នៅក្លិប Manchester United ក្រោយពី​ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​យល់​ព្រម​ប្តូរ​អាវ​​របស់​គេ​។ Ronaldo ក៏​បាន​ពាក់​អាវ​លេខ​៧ ផង​ដែរ អំឡុង​ពេល​​ដែល​រូប​គេ​បាន​លេង​ឲ្យ​ក្លិប Man United ជា​លើក​ដំបូង​ចាប់​ពី​ចន្លោះ​ឆ្នាំ​២០០៣ រហូត​ដល់​ឆ្នាំ​២០០៩​។

ខ្សែ​ប្រយុទ្ធ​វ័យ​៣៦ឆ្នាំ​រូបនេះ បាន​ចូល​ជាមួយនឹងក្លិប Man United ម្តង​ទៀត ពីក្លិប Juventus កាលពី​សប្តាហ៍​មុន ប៉ុន្តែ Cavani បាន​ពាក់អាវលេខ​៧នេះ តាំងពី​ដើម​រដូវ​កាល​មក​ម្ល៉េះ ដែលនាំ​ឲ្យ Ronaldo ត្រូវឈម​មុខ​នឹ​ងការ​ពាក់​អាវលេខ​ផ្សេង​។ ប៉ុន្តែ Cavani បាន​យល់​ព្រម​ប្តូរ​យក​អាវលេខ​២១​វិញ ដែល​ជា​លេខ​អាវ​រូប​គេ​​ពាក់​ឲ្យក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ុយ​រ៉ូ​ហ្គាយ ហេតុនេះ Ronaldo អាច​ពាក់​អាវ​លេខ​ចាស់​របស់​គេ​វិញ​បាន​ហើយ​។

ក្លិប Man United បាន​ឲ្យដឹង​ក្នុង​​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ក្លិប Manchester United អាច​ប្រកាស​បាន​ថា Cristiano Ronaldo នឹង​ពាក់អាវ​លេខ​៧ ក្រោយពី​វិល​ទៅកាន់កីឡដ្ឋាន Old Trafford»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia