​ការ​ប្រកួត​លីគកំពូលកម្ពុជា នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនេះ ត្រូវបានគេ​មើល​ឃើញ​ថា ក្រុម​អាស៊ីអឺរ៉ុប អគ្គិសនីកម្ពុជា និងក្រុមសូលទីឡូអង្គរ នឹង​ក្លាយជា​មុខសញ្ញា ដែល​​ត្រូវ​​ប្រឈម​នូវសម្ពាធខ្លាំង ពីការ​ប្រជែង​គ្នា ដោយប្រយោល​របស់​ក្រុមខ្លាំងៗ ហើយក្រុមគិរិវង់​សុខសែន​ជ័យ ក៏​នឹង​ជួប​ភាពតានតឹង​ដូចគ្នា។

ក្រុមគិរីវង់សុខសែន​ជ័យ នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់ខ្លួន ដើម្បីស្វាគមន៍​ក្រុមកំពុង​ឈរ​នៅកំពូល​តារាង វិសាខា ដែល​ត្រូវការ​ឈ្នះខ្លាំងបំផុត ដើម្បីរក្សាទីតាំងលេខ​១​របស់ខ្លួន ពីការ​ប្រជែង​របស់​​ក្រុម​បឹងកេត អង្គរ​ថាយហ្គឺរ ព្រះខ័នរាជស្វាយរៀង ភ្នំពេញក្រោន និង​ណាហ្គាវើលដ៏ ជា​ដើម។

តែ​ទោះបីជា​យ៉ាងណា ក្រុមគិរីវង់ មិន​បាន​​​ខ្លាច​រអានឹង​ភាព​​ខ្លាំង​របស់​ក្រុម​វិសាខា ដែល​ឈ្នះ​៦ ស្មើ​៤ និង​មិន​ធ្លាប់ចាញ់នោះ​នោះទេ។ ផ្ទុយ​ទៅវិញ ក្រុមកំពុងឈរ​នៅលេខ​៨ មួយនេះ មានការ​ជឿជាក់ថា ពួកគេ​នឹងអាច​យក​ឈ្នះ ដើម្បីបំផ្លាញចោល នៅកំណត់ត្រា​ដ៏​ល្អនេះ​របស់វិសាខា។

លោក Florian Buadrit អគ្គលេខាធិការ​​របស់​ក្លិប​បាល់​ទាត់គិរីវង់សុខសែនជ័យ បានប្រាប់កាសែតក្នុង​ស្រុកមួយ​ថា៖​«វិសាខា ពិតជាក្រុមដ៏ធំមួយ ដែល​មិន​ទាន់​ស្គាល់​ការ​ចាញ់សោះ​ នៅលីគកំពូល​កម្ពុជា ឆ្នាំ​២០២១។ ក្រុមនេះ មាន​កីឡាករ​ល្អ និងមាន​ខ្សែប្រយុទ្ធខ្លាំង តែ​ពិត​ណាស់​យើង នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ឈ្នះ​ការ​ប្រកួត​នេះ ព្រោះនេះជា​ការ​ប្រកួត នៅលើទឹក​ដីរបស់យើង ​ហើយ​យើង​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ពេញទំហឹង ដើម្បី​ក្លាយ​ជាក្រុម​ដំបូង ដែលអាច​យក​​ក្រុម​វិសាខា នៅ​រដូវ​កាលនេះ»។

យ៉ាងណា​ក៏ដោយ គេមិនរំពឹងច្រើនទេ​ថា ក្រុមគិរីវង់ អាច​យក​ឈ្នះ​ក្រុម​វិសាខា បាន ព្រោះ​វិសាខា ជា​ក្រុម​ខ្លាំង ហើយពួកគេ ត្រូវការ​ឈ្នះខ្លាំងបំផុត ហើយខ្សែ​ការពារ​កណ្តាល​របស់​​វិសាខា ធារី ចន្ថាប៊ីន ធ្លាប់បាន​ប្រាប់​ហើយថា ពួកគេ​នឹង​រក្សាកំណត់ត្រា​មិន​ធ្លាប់ចាញ់រហូត​ដល់​ចប់រហូត​កាល។

ចំណែក​ការ​រងសម្ពាធ​របស់​ក្រុម​អាស៊ីអឺរ៉ុប អគ្គិសនីកម្ពុជា និងក្រុមសូលទីឡូអង្គរ ដោយសារ​តែ​ក្រុមទាំង​៣នេះ ត្រូវប្រឈម​មុខជាមួយក្រុមខ្លាំង បឹងកេត អង្គរ​ថាយហ្គឺរ និងក្រុម​ភ្នំពេញ​ក្រោន ដែល​ក្រុមទាំង​៣នេះ សុទ្ធតែ​មានហិច្ឆតា​ចង់ឈ្នះ​ខ្លាំង ដើម្បី​ប្រជែង​គ្នា​យក​លេខ​១ និង​រក្សាខ្លួន នៅក្នុងតំបន់កំពូលតារាង។

នៅក្នុងចំណោមក្រុមទាំង​៣នេះ អាស៊ីអឺរ៉ុប បានក្លាយជាគោល​ដៅ​ទី​១ របស់ក្រុម​ភ្នំពេញ​ក្រោន ដែលពួកគេ​ត្រូវ​យក​ឈ្នះ​ឱ្យបាន ព្រោះ​លោក Oleg Starynskyi ​គ្រូ​បង្គោល​ភ្នំពេញក្រោន បាន​ដាក់​ទិសដៅរួចហើយ​ថា ត្រូវតែ​ឈ្នះ​ទាំង​៣​ប្រកួត ដែលនៅ​សល់ ក្នុង​ជើងទី​​១​នេះ។

លោក Oleg Starynskyi បាននិយាយ ក្រោយពេល​ក្រុម​ភ្នំពេញ​ក្រោន ស្មើ ១-១ ជាមួយ​ក្រុម​កងយោធពល​ខេមរភូមិន្ទ (ទ័ព) ​ថា៖ « ខ្ញុំជាគ្រូបង្វឹក ដែល​រីក​រាយ ជា​មួយ​អ្វី ​ដែល​​ខ្ញុំ​​បាន​ធ្វើ​ជាមួយ​នឹង​ក្លិប ព្រោះ​យើង​មាន​មហិច្ឆតា​ដ៏ធំ​របស់​យើង ហើយ​ខ្ញុំ​ក៏​រីករាយ​ដូចគ្នា ដែល​បាន​ធ្វើការ​ជាមួយ​កីឡាករ មានមហិច្ចតាខ្លាំងដូចគ្នា។ យើង​ត្រូវ​តែ​ឈ្នះ​គ្រប់​ការ​ប្រកួត​ដែល​នៅ​សល់ ហើយ​នេះគឺជាអ្វី ដែល​យើង​រំពឹងទុក ការប្តេជ្ញា​ចិត្ត និង​ការ​គិត​នៅ​ក្នុង​ខ្លួន​របស់​យើង​ជានិច្ច»។

ចំណែក​ក្រុម​ទ័ព ក៏​ត្រូវ​ប្រឈម​មុខ​ជាមួយ​ក្រុម​ព្រះខ័នរាជស្វាយរៀង នៅ​ថ្ងៃអាទិត្យ​នេះ​​ផង​ដែរ ហើយជំនួបនេះ អាចនឹងមានភាពស្វិតស្វាញខ្លាំង​ជាងគូផ្សេងៗ ព្រោះ​កម្រិត​លេង​របស់​ក្រុមទាំង​២នេះ មិនលើសខ្វះគ្នាប៉ុន្មានទេ ប៉ុន្តែ​សម្រាប់អ្នកគាំ​ទ្រ​ភាគ​ច្រើន គឺបាន​ផ្តល់​ទំនុក​​ចិត្ត​​ទៅលើ​ក្រុម​ម្ចាស់ផ្ទះ  ស្វាយរៀង ច្រើនជាង៕