ប​រទេស៖ ខ្សែការ​ពារ Virgil van Dijk របស់ក្លិប Liverpool បាន​ជា​សះ​ស្បើយ​ពី​របួសតិច​តួ​ត្រង់ក​ជើង​ ដែល​រូប​គេ​បាន​ជួប​ប្រទះ​អំឡុ​ពេល​បំពេញការ​តព្វ​កិច្ច​អន្តរ​ជាតិ​ជាមួយនឹងក្រុម​បាល់ទាត់​ជម្រើស​ជាតិហូ​ឡង់ ហើយ​និង​អាច​ចូលលេង​បាន​សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League របស់​ពួកគេ​ជាមួយនឹងក្រុម Leeds United នៅ​ចុង​សប្តាហ៍នេះ​។

នេះ​បើយោង​ទៅ​តាមការ​បញ្ជាក់​របស់​លោកគ្រូបង្វឹក Juergen Klopp កាល​ពីថ្ងៃ​ព្រហស្បតិ៍​។ ការ​វះ​កាត់​ជង្គង់ បាន​ធ្វើ​ឲ្យ Van Dijk អវត្ត​មានស្ទើរ​តែ​ទាំង​ស្រុង​កាលពី​រដូវកាល​មុន និង​ការ​ប្រកួត​ព្រឹត្តិការណ៍ Euro នៅឆ្នាំនេះ ដោយ​ក្រុម​ជម្រើស​ជាតិ​ហូ​ឡ់ បានធ្លាក់​ចេញ​ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិសា​ធារណ​​រដ្ឋ​ឆែក ក្នុង​វគ្គ​១៦​ក្រុមចុងក្រោយ​។ កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ បាន​រង​របួស ពីការ​ប្រជែង​ដណ្តើម​បាល់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ក្នុង​ពេលក្រុម​ខ្លួន​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​តួកគី ក្នុងលទ្ធផល ៦-១ កាលពីថ្ងៃ​អង្គារ​។ លោក Klopp បាន​ប្រាប់​គេហ​ទំព័រ​របស់ Liverpool ថា៖ «ស្ថានភាពរបស់ Virgil ពិតជា​ផ្តល់​ការ​បារម្ភ​យ៉ាងខ្លាំង​។

ប៉ុន្តែ​​ខ្សែ​ការ​ពារ​រូបនេះ បាន​បញ្ជាក់​ថា រូប​គេ​រឹង​មាំ​១០០%​ហើយ​»​​។ លោក Klopp ដែល​ក្រុម​របស់​លោក​បាន​ឈ្នះ​ការ​ប្រកួត​២លើកក្នុង​ចំណោម​ការ​ប្រកួត​លីក​ទាំង​៣លើក​នៅ​រដូវកាល​នេះ បាន​បញ្ជាក់​ថា ខ្សែ​បម្រើ​អន្តរ​ជាតិហ្គីណេ Naby Keita ក៏​មិនមាន​បញ្ហា​អ្វី​ដែរ ក្រោយ​ពី​វិល​មកពី​ប្រទេស​អាហ្វ្រិក​ខាង​លិច​វិញ អំឡុង​ពេល​លោក​ប្រធា​នា​ធិបតី Alpha Conde ត្រូវ​បាន​ទម្លាក់​ពី​តំណែង ក្រោម​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោ​ធា៕

 

ប្រភព​​ព័ត៌​មាន៖ Channel News Asia