បរទេស៖ ខ្សែ​ប្រយុទ្ធ Karim Benzema បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ខណៈ​ដែលក្រុម Real Madrid បាន​បំពេញ​ការ​វិលត្រឡប់​របស់​ពួក​គេ​​របស់​ពួក​គេ​ទៅកាន់​កីឡដ្ឋាន Santiago Bernabeu ទាំង​ការ​រីក​រាយ ក្រោយពី​បាន​វាយ​បក​ផ្តួលក្រុម Celta Vigo ក្នុងលទ្ធផល ៥-២ នាការ​ប្រកួត​ក្នុងក្រប​ខ័ណ្ឌ La Liga កាលពីថ្ងៃ​អាទិត្យ​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង​រូបនេះ បាន​បង្ហាញពី​ទម្រង់លេង​យ៉ាងមុតស្រួច ខណៈ​ដែល Real Madrid បាន​លេង​ពី​មុខ​អ្នកគាំទ្រដ៏ច្រើន​របស់​ខ្លួន​ជាលើកដំបូង បើ​គិត​ចាប់​តាំងពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២០​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា អ្នកគាំទ្ររបស់​ក្រុម​ម្ចាស់​ផ្ទះ បាន​ជួប​ភាព​ស្រឡាំង​កាំង នៅពេល​ដែល​កីឡាករ Santi Mina បាន​ដណ្តើម​យក​ប្រៀប​ពីការ​ប្រព្រឹត្ត​កំហុសនៅ​តំបន់​ការ​ពារ ដើម្បី​ជួយ​ឲ្យក្រុម​ភ្ញៀវ​រក​បាន​គ្រាប់​បាល់​នាំមុខ​ភ្លាម​ៗ​ បន្ទាប់​ពី​លេង​បាន​ត្រឹម​តែ​៤នាទី​។

ប៉ុន្តែ Real បាន​វាយ​បក​វិញ​យ៉ាងល្អ និង​​បាន​ដាក់​សម្ពាធ​យ៉ាងល្អ​លើ​ក្រុម Celta Vigo ខណៈ​ដែល Benzema បាន​រក​គ្រាប់បាល់​តាម​ស្មើ​វិញនៅ​នាទី ទី​២៤ ក្រោយពី​ការ​បញ្ជូន​បាល់​របស់​ Federico Valverde​។ ប៉ុន្តែ Franco Cervi បាន​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​នាំមុខ​ម្តង​ទៀត​នៅ​តង់ទី​១ នៅមុន​ពេល Benzema, Vinicius Junior និង Eduardo Camavinga រក​បាន​គ្រាប់បាល់​ជា​បន្ត​បន្ទាប់នៅតង់ទី​២ ដើម្បី​បំពេញ​ជ័យ​ជម្នះ​សម្រាប់ក្រុម​ខ្លួន​តែម្តង​៕

ប្រភព​ព័ត៌មាន៖ Reuters