បរទេស៖ លោក Ole Gunnar Solskjaer បាន​បញ្ជាក់​កាលពីថ្ងៃ​ចន្ទ​ថា ក្រុម​បិសាចក្រហម Manchester United ត្រូវ​តែ​មាន​មហិច្ឆតា លើ​ការ​លើក​ពាន Champions League ក្រោយ​ពី​​បាន​នាំ​យក​តារាឆ្នើម Cristiano Ronaldo មកកាន់​ក្លិប​វិញ​។

Man United ដែលនឹង​ចាប់​​ផ្តើមយុទ្ធ​នា​ការ​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​របស់​ពួក​គេ​នៅលើ​ទឹកដីក្រុម Young Boys ក្នុង​ប្រទេស​ស្វ៊ី​នៅ​រាត្រីនេះ បាន​ឈ្នះ​ពាន​រង្វាន់​ដ៏​ធំ​បំផុត​របស់​ខ្លួន​ក្នុង​​ក្រប​ខ័ណ្ឌ​​អឺ​រ៉ុប ជាលើក​ចុងក្រោយ ក្នុងឆ្នាំ​២០០៨ ដែលនៅ​ពេលនោះ Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​វគ្គផ្តាច់ព្រ័ត្រ​ក្នុង​ពេល​ប្រកួត​ជាមួយនឹងក្រុម Chelsea អំឡុង​ពេល​នៃ​ការ​​ចំណាយ​ពេល​​ជាលើក​ដំបូង​របស់​គេ​ជាមួយ Man United​។ ចាប់​តាំងពី​​រូប​គេ​បាន​ចាក​ចេញ​ដើម្បី​ចូល​រួម​ជាមួយនឹងក្លិប Real Madrid ក្នុង​ឆ្នាំ​២០០៩ Man United បាន​ឈាន​ទៅ​វគ្គ​៨ក្រុម​ចុងក្រោយ​ត្រឹម​តែ​២លើក​គត់ ខណៈ​ដែល​ជោគ​វាស​នា​របស់​ពួក​គេ​មាន​ភាព​ល្អ​ប្រសើរ​​ឡើយ ក្រោយពី​ការ​ចូល​និវត្តន៍​របស់​លោក Alex Ferguson ក្នុងនាម​ជា​អ្នក​ចាត់​ការ​ទូទៅ​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការ​វិល​ត្រឡប់​របស់ Ronaldo បាន​ធ្វើ​ឲ្យ​ក្រុម​ដែល​ប្រជុំ​ដោយ​តារាឆ្នើម​ៗ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ខណៈ​ដែលលោក Solskjaer ជឿជាក់​ថា ក្រុម​របស់​លោក​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ក្នុងការ​ប្រកួត​ជាមួយនឹងក្រុម​ខ្លាំង​បំផុតក្នុង​អឺ​រ៉ុប​។ ខ្សែ​ប្រយុទ្ធ​វ័យ​៣៦​ឆ្នាំ​រូបនេះ បាន​ជួប​ភាព​រីក​រាយនៅថ្ងៃ​នៃ​ការ​វិល​ត្រឡប់​របស់​គេ​ទៅកាន់ Old Trafford តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ពេលក្រុមខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ ៤-១ លើក្រុម Newcastle ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Premier League កាលពីថ្ងៃ​សៅរ៍ ហើយ​និង​សម្លឹង​រក​ការរក​គ្រាប់បាល់​ដើម្បី​បន្ថែមលើ​គ្រាប់​បាល់​សរុប​របស់​គេ​ចំនួន​១៣៤​គ្រាប់ ក្នុង Champions League នៅ​ទីក្រុង Bern​។ លោក Solskjaer បាន​ឲ្យដឹង​ថា៖ «គោល​បំណង​នៅពេល​ដែលយើង​ឈាន​ទៅកាន់​យុទ្ធនា​ការ​នេះ គឺ​ការ​ឆ្លង​ផុត​គ្រប់វគ្គ​ទាំង​អស់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia