បរទេស៖ ក្រុម​បិសាចក្រហម Manchester United បាន​រង​បរា​ជ័យ​ដ៏មិននឹកស្មាន​ដល់​ក្នុងលទ្ធផល ២-១ នៅ​លើ​ទឹកដីក្រុម Young Boys បើ​ទោះ​បី​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​រក​គ្រាប់បាល់​បើកឆាក​ក្នុងការ​​ប្រកួតក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃ​អង្គារ​ក៏ដោយ ស្រ​ប​ពេល​ដែល Chelsea បាន​ចាប់​ផ្តើម​ការ​ពារ​ពាន​របស់​ខ្លួន​តាមរយៈ​ការ​​ផ្តួលក្រុម Zenit​។

ជាមួយ​គ្នានេះ ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​ឲ្យ​ក្រុម Bayern Munich ខណៈ​ដែល​ក្រុមយក្ស​អាល្លឺម៉ង់មួយនេះ បាន​កត់ត្រា​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ៣-០ លើក្រុម Barcelona នា​កីឡដ្ឋាន Camp Nou ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌអឺ​រ៉ុប​ជាលើក​ដំបូង​របស់​ពួក​គេ​ បើ​គិត​ចាប់​តាំងពីការ​ចាក​ចេញ​របស់ Lionel Messi​។ Ronaldo ដែល​ជា​អ្នក​រក​បាន​គ្រាប់​បាល់​នាំមុខ​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​នៃ​ក្រប​ខ័ណ្ឌ Champions League បាន​រក​គ្រាប់បាល់​ទី​១៣៥របស់គេ ក្នុង​យុទ្ធនាការ​នេះ ក្រោយពី​លេង​បាន​១៣នាទី នៅទីក្រុង Bern ប៉ុន្តែ ក្រុមម្ចាស់​ជើង​ឯក​របស់​ស្វ៊ីស Young Boys បាន​វាយ​បក​វិញ ក្រោយពីការ​ពិន័យ​កាត​ក្រហម​លើ​ខ្សែការ​ពារ Aaron Wan-Bissaka​។ ខ្សែ​ការ​ពារ​របស់ Man United រូប​នេះ បាន​រង​ពិន័យ​កាត​ក្រហម ដោយ​សារ​តែ​ការ​ប្រជែង​ដណ្តើម​បាល់​ដ៏គ្រោះ​ថ្នាក់​ពី Christopher Martins នៅ​មុន​ពេល​បញ្ចប់​តង់ទី​១​។

ដោយឡែក លោក Thomas Tuchel គ្រូបង្វឹក​របស់ Chelsea បាន​និយាយ​ថា ការរក​បានគ្រាប់​បាល់​កាត់សេចក្តី​របស់ Romelu Lukaku ក្នុង​ពេលយក​ឈ្នះ​លើ Zenit ១-០ គឺ​ជា​ចំណុច​ដែល​ក្រុមតោ​ខៀវ​ខ្វះ​ខាត បើ​ទោះ​បីឈ្នះពាន Champions League កាលពី​រដូ​វកាល​មុន​ក៏ដោយ​។ លោក Tuchel បាន​ឲ្យដឹងថា៖ «រូប​គេ​ជា​ប្រភេទ​កីឡាករ​ដែល​យើង​មិនមាន​។ រូប​គេ​ជាកីឡាករ​សំខាន់​ណាស់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia