បរទេស៖ លោក Mauricio Pochettino គ្រូបង្វឹក​របស់​ក្លិប Paris Saint-Germain បាន​បង្ហើប​​កាលពីថ្ងៃ​អង្គារ​ថា ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Lionel Messi នឹង​ស្ថិតក្នុ​ជម្រើស​ទាំង​១១នាក់ដំបូង​ជាលើក​ទី​១រួម​ជាមួយនឹង​តារាឆ្នើម Neymar និង Kylian Mbappe ក្នុការ​ប្រកួត​បើក​ឆាក​របស់​ក្រុម​លោកក្នុងក្រប​ខ័ណ្ឌ Champions League ជាមួយនឹង Club Brugge​។

ខ្សែ​ប្រយុទ្ធ​​អន្តរ​​ជាតិ​អាហ្សង់ទីនរូបនេះ ដែល​បានចាក​ចេញពីក្លិប Barcelona ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវក្តៅនេះ មិន​ទាន់​បាន​បង្ហាញខ្លួន​ឲ្យ​ក្រុម​យក្ស​របស់​បារាំង PSG រួម​ជាមួយនឹង​តា​រាឆ្នើម​ទាំង​២នាក់​ផ្សេង​ទៀតនៅឡើយ​ទេ ហើយ​លោក Pochettino ពិត​ជា​ស្រេកឃ្លានក្នុងការ​ចែក​រំលែក​ភាព​រំភើប​ជាមួយនឹង​អ្នក​គាំទ្រ​របស់ PSG​។ លោក Pochettino បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌មាន នៅមុន​ពេល​ការ​ប្រកួតនៅ​រាត្រីនេះថា៖ «Messi, Neymar និង Mbappe នឹង​លេង​ជាមួយគ្នា? ខ្ញុំ​ពិត​ជា​រំភើប​ចំពោះការ​ចាប់​ដៃគូគ្នានេះ ហើយ​ខ្ញុំ​គឺ​ដូច​អ្នក​គ្រប់គ្នា​អ៊ី​ចឹង ព្រោះ​ខ្ញុំ​នឹង​ឆ្កួត បើ​ខ្ញុំ​មិន​ចង់​ឃើញ​ពួកគេ​លេង​ក្នុងការ​ប្រកួត​តែមួយ​ជាមួយគ្នា​ទេ​នោះ​។ តើ​យើង​នឹង​ឃើញ​ពួកគេ​លេង​ជាមួយគ្នា​ទេនៅថ្ងៃ​ស្អែក​នេះ? ប្រហែល​ជាចឹងឯង»​។

ក្នុង​រយៈពេល​ច្រើន​ជាង​១​ខែ បើគិត​ចាប់​តាំងពី Messi បាន​ចូលរួម​ជាមួយនឹង PSG រូប​គេ​ត្រូវ​បាន​​គេ​ឃើញ​ថា បាន​លេង​ឲ្យ​ក្លិប​ថ្មី​របស់​គេ​ត្រឹម​តែ​២៤នាទី​គត់ ក្នុងនាម​ជា​កីឡាករ​បម្រុង​ក្នុងក្រប​ខ័ណ្ឌ Ligue 1 លើ​ទឹកដីក្រុម Reims​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Pochettino ពេល​នេះ នឹង​បញ្ចេញ​តារាឆ្នើម​ដែល​ជាម្ចាស់​ពាន​បាល់មាស Ballon d’Or ៦​សម័យកាលរបស់លោក​ឲ្យ​លេងក្នុង​ជម្រើស​​ទាំង​១១នាក់ដំបូង នៅកីឡដ្ឋាន Jan Breydel ពេល​ប្រកួត​ជាមួយនឹងក្រុម​ជើង​ឯក​របស់​បែល​ហ្ស៊ិក ក្នុងការ​ប្រកួត​បើកឆាកក្នុងពូល A​៕

 

ប្រភព​​ព័ត៌មាន៖ Channel News Asia