បរទេស៖ លោក  Jurgen Klopp បាន​និយាយ​ថា ក្រុម​ Liverpool របស់​លោក «ត្រូវ​​ជួប​ពូល​ដ៏ខ្លាំង​បំផុត​» ក្នុង​ក្រប​ខ័ណ្ឌ Champions League បើ​គិត​ចាប់​តាំងពី​លោក​បាន​ចូលរួម​ជាមួយនឹងក្លិបនេះ និង​បាន​និយាយ​ការ​ពារ​រូបមន្តនា​ពេល​បច្ចុប្បន្ន​របស់​យុទ្ធនាការ​នេះ ខណៈ​ដែល​លោក​ត្រៀម​រៀប​ចំ​ក្រុម​របស់​លោក​សម្រាប់​ការ​ប្រកួត​ជាមួយនឹង AC Milan នៅ​រាត្រីនេះ​។

ក្រុម Liverpool របស់​លោក Klopp នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ម្ចាស់​ជើង​ឯក​​ទ្វីប​អឺ​រ៉ុប​៧​សម័យ​កាល AC Milan ក្រុម​ម្ចាស់​ជើង​ឯក​​​អេ​ស្ប៉ាញ Atletico Madrid និង​ក្រុម Porto ដែល​​ជា​ម្ចាស់​ជើង​ឯកក្រប​ខ័ណ្ឌ Champions League ឆ្នាំ​២០០៤ ក្នុងការ​ប្រកួតពូល B​។ សហ​ព័ន្ធកីឡា​បាល់ទាត់​ប្រចាំ​ទ្វីប​​អឺ​រ៉ុប​ហៅ​កាត់ថា UEFA កាលពី​ដើម​ឆ្នាំនេះ បានប្រកាសពី​រូបមន្ត​ថ្មី​សម្រាប់​ក្រ​ខ័ណ្ឌ Champions League ចាប់​តាំងពីឆ្នាំ​២០២៤​ត​ទៅ តាមរយៈ​ការ​ប្តូរ​ការ​ប្រកួត​វគ្គ​ចែកពូល​ដែល​មាន​៣២ក្រុម ជាមួយនឹងក្រប​ខ័ណ្ឌលីក​ដែលមាន​ក្លិប​ចំនួន​៣៦​។ រូប​មន្តថ្មីនេះ បាន​នាំ​ឲ្យ​មានការ​ព្រួយ​បារម្ភ​ថា គុណ​ភាព​នៃ​យុទ្ធនា​ការនេះ នឹង​ត្រូវ​កាត់​បន្ថយ ស្រប​ពេល​ដែលអ្នក​ចាត់​ការ​ទូទៅ​ជាច្រើន ក៏​និយាយ​ពី​ទទួល​បន្ទុក​លេង​ការ​ប្រកួត​ច្រើន​ពេក​សម្រាប់​កីឡាករ​ផង​ដែរ​។

លោក Klopp បាន​ប្រាប់​សន្និសីទ​សារ​ព័ត៌មានកាលពីថ្ងៃ​​អង្គារថា ក្រុម​ក្នុងពូលរបស់ Liverpool នៅ​រដូវ​កាល​នេះ បាន​បង្ហាញពី​ភាពខ្លាំង​នៃ​រូបមន្ត​នា​ពេលបច្ចុប្បន្ន​។ គ្រូបង្វឹកសញ្ជាតិអាល្លឺ​ម៉ង់​រូបនេះ ដែលក្រុម​របស់​លោក​បានលើក​ពាន Champions League ក្នុង​ឆ្នាំ​២០១៩ បាន​ឲ្យដឹងថា៖ «ពិត​ណាស់ នេះ​គឺ​ជាពូលដ៏ខ្លាំង​បំផុត​ បើគិត​ចាប់​តាំងពី​ខ្ញុំ​នៅ​ជាមួយ Liverpool»៕

 

ប្រភព​​ព័ត៌​មាន៖ Channel News Asia