បរទេស៖ ក្រុម​ម្ចាស់​ជើង​ឯក​រង​កាល​ពី​រដូវកាល​មុន Manchester City និង Liverpool បាន​ជួប​ភាព​រំភើប​រដូច​គ្នា​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League កាលពីថ្ងៃ​​ពុធ ក្រោយពី​ដណ្តើម​បាន​ជ័យ​ជម្នះ​រៀង​ៗខ្លួន​។

ដោយឡែក ក្រុម Real Madrid ដែល​ជាម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប​១៣​សម័យ​កាល បាន​រង់ចាំ​រហូត​ដល់​ជិត​បញ្ចប់​ការ​ប្រកួត​ដើម្បី​ផ្តួលក្រុម​ Inter Milan ក្នុងលទ្ធផល ១-០ នា​កីឡដ្ឋាន San Siro ក្នុង​ការ​ប្រកួត​ជុំ​ទី​១​នៃ​វគ្គ​ចែក​ពូល​។ ក្រុម Man City របស់​លោក Pep Guardiola ដែល​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Chelsea ក្នុងលទ្ធផល ១-០ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ទីក្រុង Porto កាលពី​ខែ​ឧស​ភានោះ បាន​ជម្នះ​លើ​ការរក​​បាន​គ្រាប់បាល់​៣​គ្រាប់​ពី​កីឡាករ Christopher Nkunku ដើម្បីផ្តួលក្រុម RB Leipzig ក្នុងលទ្ធផល ៦-៣ នា​កីឡដ្ឋាន Etihad​។ ខ្សែ​ការ​ពារ Nathan Ake បាន​ជួយ​ឲ្យ​ក្រុម Man City រក​បាន​គ្រាប់បាល់​នាំមុខ​មុន ហើយ​ការ​ធ្វើ​ឲ្យ​បាល់ចូល​ទី​ខ្លួន​ឯង​របស់ Nordi Mukiele បាន​បន្ថែម​ការនាំមុខ​របស់​ពួកគេ ប៉ុន្តែ Nkunku បាន​វាយ​បក​១​គ្រាប់​វិញ​សម្រាប់​ក្រុម Leipzig ក្នុងការ​ប្រកួត​។ Riyad Mahrez បាន​បន្ថែម​គ្រាប់បាល់​ទី​៣ នៅមុន​ពេល​បញ្ចប់​តង់​ទី​១ នៅមុនពេល Nkunku រក​បានគ្រាប់បាល់​ទី​២​សម្រាប់​ក្រុមភ្ញៀវ​នៅ​តង់ទី​២​។

ខ្សែ​បម្រើ Jack Grealish រក​បាន​គ្រាប់​បាល់​ជាលើក​ដំបូង​របស់​គេក្នុងក្រប​ខ័ណ្ឌ Champions League ខណៈ​ដែល Nkunku បាន​រកគ្រាប់​បាល់​ទី​៣​របស់​គេ នៅមុន​ពេល Joao Cancelo និង Gabriel Jesus បាន​បំពេញ​ជ័យ​ជម្នះ​សម្រាប់ក្រុម Man City​។ ស្រប​ពេល​ជាមួយ​គ្នានេះ ក្រុម Liverpool បាន​បំបាក់មុខ​ក្រុម AC Milan នៅ​ថ្ងៃ​នៃ​ការ​វិល​ទៅកាន់​ក្រប​ខ័ណ្ឌ Champions League វិញ​របស់​ពួកគេ ក្រោយពី​បាន​វាយ​បក​ដើម្បី​យកឈ្នះក្នុងលទ្ធផល ៣-២​៕

ប្រភ​ព​ព័ត៌មាន៖ Channel News Asia