បរទេស៖ ការ​ចាប់​អារម្មណ៍ផ្សេង​ៗ នឹង​ធ្លាក់​ទៅលើ​ Cristiano Ronaldo ម្តង​ទៀត ខណៈ​ដែលក្រុមបិសាចក្រហម Manchester United សម្លឹង​រកការ​ស្តារមុខ​មាត់​ត្រឡប់មក​វិញ​ចំពោះការ​រង​បរា​ជ័យ​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុងក្រប​ខ័ណ្ឌ Champions League ក្រោមស្នា​ដៃក្រុម Young Boys នៅ​ពេលដែលកំពុង​នាំ​មុខ​លើតារាងក្រប​ខ័ណ្ឌ Premier League មួយនេះ ធ្វើ​ដំណើរ​ទៅកាន់ទឹកដីក្រុម West Ham នៅថ្ងៃ​អាទិត្យ​។

ជាមួយ​គ្នានេះ ក្រុម​ឈរលេខ​២ Chelsea កំពុង​តែ​​ដេញ​តាមពីក្រោយ Man United ដោយ​សារ​តែ​មាន​គ្រាប់បាល់តិច​ជាង និង​សម្លឹង​រក​ការ​បន្ត​ការមិនស្គាល់​ចាញ់សោះ​របស់​ពួក​គេ​នៅ​រដូវ​កាល​នេះក្នុងការ​ប្រកួត​រវាងក្រុម​ស្ថិត​ក្នុង​ទីក្រុង​ឡុងដ៍​ដូចគ្នា លើ​ទឹកដីក្រុម Tottenham។ លោក Ole Gunnar Solskjaer បានទាម​ទារ​ឲ្យ Man United ធ្វើ​ការ​ឆ្លើយ​តប​ភ្លាម​ៗ ក្រោយពី​សុទិដ្ឋិនិយម​របស់​លោក ក្រោមជំនួយ​ពី Ronaldo បាន​ជួប​ភាព​រង្គោះ​រង្គើរ​ នៅទីក្រុង Bern​។ ក្រុម​របស់​លោក Solskjaer បាន​ទទួល​ជ័យ​ជម្នះ​៣លើក ក្នុង​ចំណោម​ការ​ប្រកួត​៤លើក​​ដំបូង​របស់​លោក​ក្នុងក្រប​ខ័ណ្ឌ Premier League នៅ​រដូវកាល​នេះ ក្នុងនោះ​រាប់​បញ្ចូល​ទាំងជ័យ​ជម្នះ​លើក្រុម Newcastle ក្រោម​ជំនួយ​ដ៏ធំពី Ronaldo ក្នុង​ការ​ប្រកួត​នៅកីឡដ្ឋាន Old Trafford កាលពី​ចុងសប្តាហ៍​មុន​ផង​ដែរ​​។

Ronaldo បាន​ស៊ុតបាល់​បញ្ចូល​ទី​ម្តង​ទៀត ក្នុង​ទីក្រុង Bern ប៉ុន្តែ Man United បាន​លិច​លុង​វិញ ក្រោយពី​ការ​រង​ពិន័យ​កាតក្រហម​របស់ Aaron Wan-Bissaka ក្នុងការ​ប្រកួត​បើកឆាក​នៃ​វគ្គ​ចែកពូល​ក្នុង​ក្រប​ខ័ណ្ឌ Champions League របស់​ពួក​គេ​។ លោក Solskjaer បាន​ឲ្យដឹង​ថា៖ «ទម្រង់​លេង​របស់​យើង​គឺ​ដូចដែល​អ្នក​រំពឹង​ទុក​អ៊ី​ចឹង គឺ​ការផ្តោត​​អារម្មណ៍ ទោះ​បី​ជា​ខកចិត្ត​បន្តិច ប៉ុន្តែ មិន​បាក់​ទឹក​ចិត្តឡើយ​។ យើង​ត្រូវ​តែ​ស្តារមុខមាត់វិញ​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia