បរទេស៖ លោក Thomas Tuchel បានចាត់ទុកថា N’Golo Kante «ជាកីឡាករមានលក្ខណៈពិសេសខុសពីគេ» ក្រោយពីខ្សែបម្រើអន្តរជាតិបារាំងរូបនេះ បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីដើរតួនាទីដ៏សំខាន់ក្នុងការជួយឲ្យក្រុម Chelsea ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុម Tottenham កាលពីថ្ងៃអាទិត្យ។
លោក Tuchel គ្រូបង្វឹករបស់ Chelsea បានដាក់ឲ្យ Kante ចូលលេងនៅត់ទី២ ក្រោយពីខកចិត្តជាមួយនឹងទម្រង់លេងមិនសូវរឹងមាំរបស់ Chelsea ក្នុងតង់ទី១។ ការផ្លាស់ប្តូរនេះ បានផ្តល់ផ្លែផ្កាគួរឲ្យកត់សម្គាល់ ខណៈដែល Chelsea បានស៊ុតបាល់បញ្ចូលទី២គ្រាប់រយៈពេល១២នាទីដំបូងនៃតង់ទី២។ ខ្សែការពារ Thiago Silva បានតែតបាល់ដើម្បីរកគ្រាប់បាល់បើកឆាក ហើយ Kante បានស៊ុតបាល់ផ្លាតនឹងខ្សែការពារ Eric Dier ចូលទីយ៉ាងល្អ ដើម្បីរកគ្រាប់បាល់ទី២។ ខ្សែការពារ Antonio Rudiger បានបន្ថែមគ្រាប់បាល់ទី៣ នៅនាទីបន្ថែម ខណៈដែល Chelsea ឡើងឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។
លោក Tuchel បានមើលឃើញយ៉ាងច្បាស់ពីកីឡាករដែលជាកត្តាលីករក្នុងការជួយឲ្យ Chelsea ឈ្នះ ខណៈដែលលោកបានលើកឡើងពីចំណុចដែល Kante បំបែកក្បួនការពាររបស់ Spurs។ លោក Tuchel បានឲ្យដឹងថា៖ «ពិតជាកីឡាករកំពូលមែន ព្រោះប្រសិនបើអ្នកមាន N’Golo អ្នកមានចំណុចពិសេសដែលគ្រប់គ្នាត្រូវការ។ អ្នកមានភាពរឹងមាំក្នុងតំបន់បម្រើ ទាំងការគ្រប់គ្រងបាល់ និងសូម្បីតែគ្រាប់បាល់»៕
ប្រភពព័ត៌មាន៖ Channel News Asia