ក្រុម​ភ្នំពេញ​ក្រោន មិនអាច​រក្សា​កំណត់ត្រា​ដ៏​ល្អ​របស់ខ្លួន បាន​ទៀត​នោះទេ បន្ទាប់ពី​ពួកគេ បានចាញ់​ក្រុម​ម្ចាស់​ផ្ទះ ព្រះខ័នរាជស្វាយរៀង ​១-០ ដែលនេះជា​ការ​បរាជ័យ​លើក​ដំបូង​របស់ពួកគេ គឺ​ដូច​គ្នាទៅនឹង​ក្រុម វិសាខា ផងដែរ ដែលមិនអាច​រក្សា​កំណត់​ត្រា មិន​ធ្លាប់​ចាញ់​សោះ របស់ពួកគេបាន ក្រោយ​ចាញ់ ក្រុមបឹងកេត ២-១ កាលពី​ថ្ងៃសៅរ៍ ជាមួយគ្នា​នោះ។

​តាម​រយៈការ​ប្រកួត នៅកីឡដ្ឋាន​ខេត្តស្វាយរៀង កាលពី​ថ្ងៃសៅរ៍​នោះ ក្រុម​ភ្នំពេញ​ក្រោន បង្កើតឱកាស​បានច្រើនជាង​ក្រុម​ម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង ប៉ុន្តែ​ពួកគេ មិនអាច​រក​បាន​សូម្បី​១​គ្រាប់។ ផ្ទុយ​ពីនេះ ការ​រក​បាន​១​គ្រាប់​ របស់​​ប្រយុទ្ធ​ចំណូល​ថ្មីជន​ជាតិ​កាមេរូន Emmanuel នៅនាទីទី​៨៥ ​បាន​ក្លាយ​ជា​ជ័យជម្នះ​យ៉ាង​ធំធេង និងរំភើប​ខ្លាំង​បំផុត សម្រាប់​ក្រុម​ស្វាយរៀង។

យ៉ាងណាក៏ដោយ ប្រធានក្លិប​ភ្នំពេញក្រោន លោកឧកញ៉ា ឬទ្ធី សំណាង មិនបាន​បង្ហាញការ​អាកអន់ចិត្ត ឬខក​ចិត្ត ចំពោះការបរាជ័យ ជា​លើកដំបូង​របស់ ក្រុម​សិង្ហក្រហម នៅ​រដូវ​កាល​នេះ​ទេ។ ផ្ទុយ​ទៅវិញលោក​បានសម្តែងការ​អបអរ ទៅដល់​ក្រុម​​ទាំង​មូល ដែលបាន​ខិតខំ​ប្រឹង​​លេង​អស់ពីចិត្ត សម្រាប់​ការ​ប្រកួតដ៏​​ធំនេះ។ លោក​បាន​ផ្ញើសារ​លើក​ទឹក​ចិត្ត ដល់​ក្រុម​របស់​លោក បែបនេះ​ថា៖ «ប្រសិនបើអ្នកព្យាយាមហើយនៅតែបរាជ័យ សូម​អបអរសាទរ ដោយសារតែមនុស្សភាគច្រើនសូម្បីតែសាកល្បង​ ក៏មិនបាន​សាកល្បង​ផង»។

តែ​ទោះបីជា​យ៉ាង​ណា ចំពោះ​លោក Oleg ដែល​គ្រូ​បង្គោល​​​ក្រុម​ភ្នំពេញ​ក្រោន ហាក់មិនអាច​ចិត្ត​ជាមួយលទ្ធផលនេះ​ទេ ហើយ​លោក​​បានអះអាង​ថា ក្រុម​របស់លោក ចាញ់តែ​លទ្ធផល​ប៉ុណ្ណោះ។  «យើង​មិន​រៀបចំ ដើម្បី​ចាញ់​នោះទេ ក្នុង​នាម​ជា​ក្លិប និង​ជា​ក្រុម​ទាំង​មូល យើង​ធ្វើអ្វី​គ្រប់​យ៉ាង គឺ​ដើម្បី​ជ័យ​ជម្នះ។ យើង​ចាញ់​ការ​ប្រកួតនេះ​ដោយ​សារ​តែ​លទ្ធផល ប៉ុន្តែ​ការ​លេង​គឺ​មិន​ចាញ់​នោះ​ទេ យើង​មាន​ឳកាស​ជាច្រើន​ក្នុង​ការ​ប្រកួត​នីមួយៗ»។

ជាមួយគ្នា​នេះ គ្រូ​បង្វឹក​ជនជាតិអ៊ុយ​ក្រែន លោក Oleg បាន​នឹងកំពុងជំរុញ​កូន​​ក្រុម​របស់​លោក ឱ្យ​ក្រោក​ឈរ​ឡើង និង​ខំ​ប្រឹងប្រយុទ្ធ​ទៅមុខ ជា​បន្ត​ទៀត ដើម្បី​ប្រជែង​យក​ពាន​រង្វាន់ នៅរដូវ​កាលនេះ ព្រោះការ​ចាញ់​ក្រុមស្វាយរៀង វា​នៅមិនទាន់ធ្វើ​ឱ្យ ភ្នំពេញក្រោន ធ្លាក់ភាគ​រយ ក្នុងការ​ប្រជែងយកពាន នៅឡើយ​ទេ ដ្បិត​អី ភ្នំពេញក្រោន ​នៅតែមាន​២៨​ពិន្ទុ ស្មើជាមួយក្រុម​ឈរ​នៅកំពូល​តារាង​ទាំង​៤ ដដែល។

លោក Oleg បាន​បញ្ជាក់​ថា៖ ​«អ្វី​ដែល​ត្រូវ​ការ​បន្ត​ទៀត​នោះ គឺ​យើង​ត្រូវ​តែ​ធ្វើការ​ឱ្យ​មាន​គុណភាព​ គ្រប់​សកម្មភាព​របស់​យើង​ទាំង​អស់ មិនថា ទាំង​ការ​គ្រប់​គ្រង​បាល់ និង​ការ​ការពារ។ យើង​ត្រូវ​តែ​ក្រោកឈរ​ឡើង ​បន្ទាប់​ពី​ការ​ចាញ់​នេះ ហើយ​បន្ត​ប្រយុទ្ធ​ទៀត ដើម្បី​ពាន​រង្វាន់ យើង​ទទួល​យក​នៅ​សម្ពាធ ហើយ​យក​វា​មក​ធ្វើ​ជា​កម្លាំង​ចិត្ត ដើម្បី​ការ​ឈ្នះ​នៅ​ពេល​អនាគត»៕