កីឡាករបរទេស​ចំនួន​៥នាក់ ដែលទើប​បានបង្ហាញ​ខ្លួនឱ្យ​ក្រុម​ថ្មី​ចំនួន​៤ សម្រាប់ការ​ប្រកួត​ជើងទី​២ នៃ​លីគកំពូល​កម្ពុជា ឆ្នាំ​២០២១ សុទ្ធតែ​រកបាន​គ្រាប់​បាល់ ដើម្បី​ផ្តល់​ភាព​រីក​រាយ​ឱ្យ​ក្រុម​ថ្មី​របស់ពួកគេ ចំណែក​​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់ណាហ្គាវើលដ៍ Marcio រកបាន​២​គ្រាប់​បន្ថែម​​ទៀត ដើម្បី​ឡើង​ទៅ​ឈរ​នៅលេខ​​១ ក្នុង​នាមជា​កីឡាករ ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាង​គេ ជាបណ្តោះអាសន្ន។

តាម​រយៈ​ការ​ប្រកួត ប្រជែង​រវាង​ក្រុម​កំពូលតារាងទាំង​៨ (Top8) កាលពី​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ម្សិល​មិញ ខ្សែ​ប្រយុទ្ធជនជាតិកាមេរូន Emmanuel Mbarga ​បាន​ធ្វើ​ឱ្យការ​បង្ហាញ​ខ្លួន ជា​លើក​ដំបូង​ឱ្យ​ក្រុម​ព្រះខ័នរាជស្វាយរៀង កាលពី​ថ្ងៃសៅរ៍ បាន​បញ្ចប់​ដោយ​ភាព​ជោគជ័យ ព្រោះការ​រកបាន​១​គ្រាប់របស់គេ នៅនាទីទី​៨៥ ក្រោយ​​ការ​បញ្ចូន​បាល់​ពីបង​ប្រុស​បង្កើត​របស់​គេគឺ​ Privat Mbarga បាន​ជួយ​ឱ្យក្រុម​ស្វាយរៀង យក​ឈ្នះ​ក្រុម​ខ្លាំង ភ្នំពេញ​ក្រោន ១-០ ដ៏មាន​ន័យបំផុត ដើម្បី​ឡើង​ទៅ​ឈរ​នៅកំពូលតារាង ជាបណ្តោះអាសន្ន។

ស្រដៀង​គ្នានេះ ​ខ្សែ​ប្រយុទ្ធ​ធ្លាប់លេងឱ្យ​ច្រើន​ក្លិប​នៅកម្ពុជា Timothy Okereke ក៏​រក​បាន​១​គ្រាប់ ​សម្រាប់ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង ឱ្យក្រុម​កងយោធពលខេមរភូមិន្ទ (ទ័ព) ផងដែរ ហើយ​គ្រាប់បាល់ ដែលកើតមានឡើង នៅនាទីទី​៦០​នេះ បាន​ក្លាយជា​ការ​រួមចំណែក ក្នុងការ​ជួយ​ឱ្យក្រុម​ទ័ព យក​ឈ្នះក្រុម​គិរីវង់សុខសែនជ័យ ៣-១ កាលពី​ថ្ងៃអាទិត្យ។

ចំណែក​ខ្សែ​ប្រយុទ្ធចំណូល​ថ្មី​មកពី​ប្រេស៊ីល Christian Alex  ក៏​រក​បាន​១​គ្រាប់ សម្រាប់​ការ​បង្ហាញ​ខ្លួនជា​លើកដំបូង ឱ្យក្រុម​វិសាខា កាលពីថ្ងៃ​សៅរ៍​ផងដែរ ប៉ុន្តែ​គ្រាប់បាល់ ដែលបានកើតមាន​ឡើង នៅនាទីទី​៥៨ នេះ មិនបានជួយ​ឱ្យ វិសាខា ឈ្នះការ​ប្រកួត​នោះ​ទេ គឺ​ពួកគេ​បានចាញ់​ក្រុម​បឹកកេត ២-១ ដែល​សុទ្ធ​បញ្ចូល​ទី​ដោយខ្សែ​ប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា នៅ​នាទីទី​២៥ និងទី​៣០។

ចំណែក​ខ្សែ​ប្រយុទ្ធ Paul Esoh Omogba និង Jose Dourado Magson  សុទ្ធតែ​រក​បាន​ម្នាក់​១​គ្រាប់ សម្រាប់ការ​លេង​ឱ្យ​ក្រុម​ខេត្ត​ព្រៃវែង ជាលើក​ដំបូង ដើម្បី​យក​ឈ្នះក្រុម​អាស៊ីអឺរ៉ុប ៤-១ ក្នុងការប្រកួត​រវាង​ក្រុម​ចំណាត់ថ្នាក់ទាំង​៥ក្រោម( 5 Bottom Team) ហើយ​ការ​ឈ្នះបាន​៣ពិន្ទុនេះ បានជួយ​ឱ្យ ខេត្តព្រៃវែង កាន់តែ​មានភាគ​រយ​ខ្ពស់ ក្នុងការ​គេច​ផុតពី​ការ​កាត់​ចោល ឬធ្លាក់ទៅ​លេង​នៅលីគ​ទី​២ នៅឆ្នាំ​២០២២​វិញ ព្រោះពេលនេះ ពួកគេគេ បាន​ឡើង​មក​ឈរ នៅបន្ទាប់ក្រុមអាស៊ីអឺរ៉ុប ទៅ​ហើយ។

យ៉ាងណា​មិញ ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​របស់​ក្រុមណាហ្គាវើលដ៍ Marcio កាន់តែ​បង្ហាញពីការ​លេងកាន់​តែ​ល្អ ដើម្បី​ជួយ​ឱ្យ ណាហ្គាវើលដ៍ អាច​បន្ត​យក​ឈ្នះ​លើ​ក្រុមអង្គរថាយហ្គឺរ ៤-២ កាលពី​ថ្ងៃសៅរ៍ ហើយការ​រក​បាន​២​គ្រាប់បន្ថែម​ទៀត​នេះ បានធ្វើ​ឱ្យ Marcio មាន​គ្រាប់​បាល់​ទាត់បញ្ចូល​ទី​សរុបចំនួន​១៥​គ្រាប់ ដើម្បី​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង ក្នុងនាមជា​អ្នក​រក​បាន​គ្រាប់បាល់ច្រើនជាងគេ ជាបណ្តោះអាសន្ន៕