បរទេស៖ Napoli បាន​ឡើង​ទៅ​ឈរ​លើ​កំពូល​តារាង​នៃក្រ​ប​ខ័ណ្ឌ Serie A កាលពីថ្ងៃ​ចន្ទ ក្រោយពី​ដណ្តើម​​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៤-០ នៅលើ​ទឹកដីក្រុម Udinese ដើម្បី​រក្សា​កំណត់ត្រា​ឈ្នះ​១០០​%របស់ពួក​គេនៅ​ដើម​រដូវ​កាល​នេះ​។

គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Victor Osimhen, Amir Rrahmani, Kalidou Koulibaly និង Hirving Lozano បាន​ជួយ​ឲ្យក្រុម​របស់​លោក Luciano Spalletti ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ាង​កក់ក្តៅ​​នៅ​កីឡដ្ឋាន Dacia Arena ដើម្បី​ដណ្តើម​បាន​១២ពិន្ទុពេញពីការ​ប្រកួត​៤លើក ដោយ​នាំមុខ​២ពិន្ទុ​លើ​ក្រុម Inter Milan និង AC Milan ដែល​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ និង​លេខ​៣ រៀង​ៗខ្លួន​។ Roma​​ កំពុង​តែ​ដេញ​តាមពីក្រោយ​១ពិន្ទុ​បន្ថែម​ទៀត​ រួម​ជាមួយនឹងក្រុម Fiorentina ស្រប​​​ពេល​ដែល Napoli គឺ​ជាក្រុម​តែមួយ​ដែល​ឈ្នះ​រាល់​ការ​ប្រកួត​ទាំង​៤លើក​របស់​ពួក​គេមក​ទល់​ពេល​នេះ ក្នុ​ងក្រប​ខ័ណ្ឌ​កំពូល​របស់​អ៊ីតាលី​។

ស្រប​ពេល​ដែល Udinese កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ៧ ដោយមាន​៧ពិន្ទុ​ស្មើ​ជា​មួយ​នឹងក្រុម Lazio, Atalanta និង Bologna​។ Napoli នឹង​វិល​ទៅ​ប្រកួត​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍ នៅលើ​ទឹកដីក្រុម Sampdoria សម្រាប់​កម្មវិធី​ប្រកួត​នៅ​ពាក់កណ្តាល​សប្តាហ៍​។ ដោយឡែក ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក Inter Milan ដែល​ទើប​តែ​ផ្តួល​ក្រុម Bologna ៦-១ នឹង​ធ្វើដំណើរ​ទៅកាន់​ទឹកដីក្រុម Fiorentina នៅ​រាត្រីនេះ៕

ប្រភព​ព័ត៌​មាន៖ Channel News Asia