បរទេស៖ ក្រុម​បិសាចក្រហម Manchester United បាន​ធ្លាក់​ចេញពី​ពាន League Cup ខណៈ​ដែល​ក្រុម West Ham បាន​សង​សឹក​ចំពោះ​ការ​រង​បរា​ជ័យ​ដ៏​ឈឺ​ចាប់ ក្រោមស្នា​ដៃក្រុម​របស់​លោក Ole Gunnar Solskjaer តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល​ ១-០ ស្រប​ពេល​ដែល​ក្រុម Chelsea និង Tottenham បាន​គេ​ចផុត​ពីការ​ធ្លាក់​ចេញក្នុងការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ ដើម្បី​ឈាន​ទៅ​​ជុំ​ទី​៤ កាលពីថ្ងៃពុធ​។

ក្រុម​ញញួរ​ធំ បាន​រង​បរា​ជ័យ​យ៉ា​ងខក​ចិត្ត​ក្នុងលទ្ធ​ផល ២-១ នៅពេល​ប្រកួត​ជា​មួយ​នឹងក្រុម Man United ក្នុងក្រ​ប​ខ័ណ្ឌ Premier League កាលពី​ថ្ងៃ​អាទិត្យ នៅពេល​ដែលអ្នក​ចាំ​ទី David De Gea បាន​សង្គ្រោះ​បាល់​ប៉េណាល់​ទី​​របស Mark Noble នៅ​ចុង​ម៉ោង ក្រោយពី​គ្រាប់បាល់​ឈ្នះ​របស់ Jesse Lingard​។

ប៉ុន្តែ ក្រុម​របស់​លោក David Moyes បាន​បំពេញ​ការ​សង​សឹក​វិញ ក្នុង​រយៈ​ពេល​៣​ថ្ងៃ ក្រោយមក​ ខណៈ​ដែល​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​នៅតង់​ទី​១​របស់​កីឡាករ Manuel Lanzini បាន​ទម្លាក់​ក្រុម Man United ត្រឹម​ជុំ​ទី​៣​តែម្តង​។ នៅកីឡដ្ឋាន Stamford Bridge ឯ​នោះ វិញ ក្រុម Chelsea បាន​ឈ្នះ​​ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណាល់​ទី​ក្នុង​លទ្ធ​ផល ៣-២ ក្រោយ​ពី​បាន​បញ្ចប់ក្នុងលទ្ធ​ផល​ស្មើ ១-១ ​ជា​មួយ​នឹងក្រុម Aston Villa។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អាល្លឺ​ម៉ង់ Timo Werner បាន​តែត​បាល់​បញ្ចូល​ទី​ជួយ​ឲ្យ Chelsea នាំមុខ​មុននៅនាទី ទី​៥៤ ក្រោយ​ពី​​ការ​បញ្ជូន​បាល់ឆ្លង​របស Reece James ដើម្បី​រក​គ្រាប​បាល់​ទី​១​របស់គេក្នុង​ចំណោម​ការ​ប្រកួត​១១លើក​។ ដោយឡែក Harry Kane បាន​បញ្ចប់​ការមិន​អាច​រក​បាន​​គ្រាប់បាល់​របស់​គេ ខណៈ​ដែល​លោក Nuno Espirito Santo គ្រូបង្វឹក​របស់​ក្រុម Tottenham បាន​ទម្លាក់​ក្លិបចាស់​របស់​លោក Wolves ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទីក្នុង​លទ្ធផល ៣-២ ក្រោយពី​ស្មើ ២-២ នៅកីឡដ្ឋាន Molineux​៕

ប្រភព​ព័ត៌មាន៖ Channel News Asia