ក្រុម​សិង្ហក្រហម ភ្នំពេញ​ក្រោន បាន​ឡើង​ទៅឈរ​នៅកំពូល​តារាង​វិញ​ហើយ បន្ទាប់ពី​ពួកគេ បាន​យក​ឈ្នះ​ក្រុម​គិរីវង់សុខសែនជ័យ នៅលើ​​ទឹក​ដី​ខ្លួនឯង កាលពី​ម្សិលមិញ គឺ​ក្រោយពេល ក្រុម​ព្រះខ័នរាជស្វាយរៀង  បាន​ផ្តល់​ការ​ខក​ចិត្តជាថ្មីម្តង​ទៀត ឱ្យ​ក្រុម​ណាហ្គាវើលដ៍ ចំណែក​ក្រុមការពារ​តំណែង​ជើងឯក បឹងកេត នឹងត្រូវ​ធ្វើ​ដំណើរ​ទៅជួបក្រុម​កង​យោធ​ពលខេមរភូមិន្ទ (ទ័ព) នៅរសៀល​ថ្ងៃព្រហស្បតិ៍​នេះ។

បើ​ទោះបីជា​ក្រុមភ្នំពេញ​ក្រោន ទើបទទួលបានការ​ខក​ចិត្ត ជា​លើក​ដំបូង ក្រោយចេញ​ក្រុម​ព្រះខ័នរាជស្វាយរៀង ១-០ កាលពី​ថ្ងៃសៅរ៍ ប៉ុន្តែ​ការ​ពួកគេ មិន​បាន​បង្ហាញ​ភាពស្ទាក់ស្ទើរ ក្នុងការ​យក​ឈ្នះក្រុមគិរីវង់សុខសែនជ័យ ដោយ​លទ្ធផល ៣-១ នោះ​ឡើយ ខណៈ​៣​គ្រាប់នេះ រកបាន​ដោយកីឡាករ​ខ្មែរ​ទាំង​អស់។

តាម​រយៈការ​ប្រកួត កាលពី​យប់ថ្ងៃ​ពុធនោះ ខ្សែ​ប្រយុទ្ធ ប្រាក់ ធីវ៉ា បាន​បង្ហាញ​ភាព​លេច​ធ្លោរ​ខ្លាំង ដោយ​អាច​រកបាន​២​គ្រាប់តែ​ម្នាក់ឯង នៅនាទីទី​៥២ និងទី​៧៧ គឺ​ចន្លោះ​ពេល​ដែល​កីឡាករ​មាន​ល្អិត ពៅ ប៊ុនវិទ្ធី រក​បាន​១​គ្រាប់​ទៀត នៅនាទីទី​៦៤ ចំណែក​១​គ្រាប់​របស់ គិរីវង់ រក​បាន​ដោយ​កីឡាករ​កម្ពុជា​ក្រោម ដាវ នីម នៅនាទីទី​៦៩។

តាម​រយៈ​លទ្ធផលនេះ បានជួយ​ឱ្យក្រុម​ភ្នំពេញ​ក្រោន ឡើង​ទៅ​ឈរ​នៅលេខ​១ ជាថ្មី​ម្តង​ទៀត បើទោះបីជា ពួកគេ មាន​៣១ពិន្ទុ​ស្មើជាមួយក្រុមស្វាយរៀង ដែលបាន​បន្តយក​ឈ្នះ​ក្រុម​ណាហ្គាវើលដ៍ ២-១ ក្នុងថ្ងៃជាមួយ​គ្នា​នោះ​ក៏​ដោយ ព្រោះ ភ្នំពេញក្រោន មានគ្រាប់បាល់​ចំណេញ​ច្រើនជាងចំនួន​៨​គ្រាប់។

ដោយឡែក​ក្រុមការពារ​តំណែង​ជើងឯក បឹងកេត នឹង​ត្រូវ​ប្រកួតប្រជែង​ជាមួយក្រុម​ម្ចាស់​ផ្ទះ ទ័ព នៅ​កីឡដ្ឋានស្តាតចាស់ នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃព្រហស្បតិ៍នេះ ហើយនេះជាការ​​ប្រជែង​គ្នា ដើម្បី​ដណ្តើម​យក​៣ពិន្ទុដ៏សំខាន់ ដើម្បីរំកឹល​ទៅ​រក​ចំណាត់​ថ្នាក់កាន់តែ​ល្អ ខណៈ​ពេល​នេះ បឹងកេត កំពុង​ឈរ​នៅលេខ​៥ មាន​២៧ពិន្ទុ ចំណែក​ក្រុមទ័ព ឈរ​នៅលេខ​៦ មាន​២២ពិន្ទុ៕