ការ​រក​បានត្រឹម១គ្រាប់​របស់ខ្សែ​ប្រយុទ្ធ​វ័យក្មេង សៀង ចន្ធា បានជួយឱ្យ​ក្រុម​បឹងកេត របស់​លោក គីម ភក្តី បាន​ទទួល​ជ័យជម្នះ​លើ​ក្រុមម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ (ទ័ព) ១-០ យ៉ាង​រំភើប នៅក្រុម​ផ្ទៃ​មេឃ​ដ៏ស្រទំ នៃ​កីឡដ្ឋាន​ស្តាតចាស់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ។

បើទោះបីជា​ការ​ប្រកួត​នេះ មាន​ភាពតាន​តឹងខ្លាំង ខណៈ​ក្រុមទាំង​២ បាន​ព្យាយាម​វាយ​បកសង​គ្នា​ទៅ​វិញ​ទៅមក ក្នុងបំណងរកបាន​គ្រាប់បាល់​រៀងៗ​ខ្លួន ប៉ុន្តែ​អ្នកគាំ​ទ្រ ដែល​បាន​ទស្សនា​នេះ តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់នោះ បាន​ទន្ទឹង​រង់ចាំ​ រហូតដល់​នាទីទី៧០ ទើបមាន​គ្រាប់បាល់ដំបូង កើត​ឡើង ហើយក៏ជា​គ្រាប់បាល់​ចុងក្រោយ ដើម្បីកាត់សេចក្តី ​ពី​សង្រ្គាម​លើ​វាលស្មៅ ដណ្តើម​៣ពិន្ទុ រវាងក្រុមទ័ព និង​បឹងកេត ផងដែរ។

គ្រាប់បាល់ ដែលបាន​កើត​មាន​ឡើង​យ៉ាង​រំភើប​នោះ គឺ​ជាការ​លោតតែតបាល់បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធវ័យក្មេងពាក់លេខ​៩ សៀង ចន្ធា នៅពេល​រូបគេ បាន​ទទួល​បាល់ ពីការ​លើក​ពីចម្ងាយ​ចូលតំបន់​គ្រោះ​ថ្នាក់របស់មិត្ត​រួ​មក្រុម ឱ ភារុណ ហើយ​ការ​រកបាន​១​គ្រាប់​ដ៏មានន័យ​នេះ បាន​ជួយ​ឱ្យ បឹងកេត នៅតែ​រក្សា​បាន​នូវ​ជ័យជម្នះលើ​ក្រុម​ទ័ព បន្ថែម​ទៅលើការ​ឈ្នះ ២-០ កាលពី​ជើង​ទី១។

ន្ថែម​លើកនេះ ការ​ឈ្នះ​បាន​៣ពិន្ទុ​លើក​​នេះ បាន​ជួយ​ឱ្យ បឹងកេត អាច​បន្តដំណើរ​ទៅមុខ​យ៉ាង​រលូន ដើម្បី​ទៅឈរ​នៅលេខ​៣ ជាបណ្តោះអាសន្ន ហើយការ​មាន​៣០ពិន្ទុ នៅ​ក្នុង​នៅពេលនេះ អាច​បញ្ជាក់បាន​ថា បឹងកេត មានឱកាស​គ្រប់​គ្រាន់ ក្នុងការ​ប្រជែង​យកពាន​មួយនេះ ជាមួយ​ក្រុមឈរ​នៅ​ក្នុងតំបន់​កំពូល​តារា​ងទាំង​៨ (Top8) នេះ ជាពិសេស​ក្រុម​ព្រះខ័នរាជស្វាយរៀង និង​ភ្នំពេញ​ក្រោន ដែលកំពុង​ឈរ​នៅ​លេខ​១ និងលេខ​២ ដោយមាន​៣១ពិន្ទុស្មើ​គ្នា រួមទាំង​ក្រុម​វិសាខា ដែលបាន​ធ្លាក់ទៅ​ឈរ​នៅលេខ​៤ តែ​វិសាខា មិនទាន់ប្រកួត​ជំនួប​លើក​ទី​១៤​របស់ពួកគេ ជាមួយក្រុមម្ចាស់​ផ្ទះ អង្គរថាយហ្គឺរ នៅឡើយ​ទេ ដោយសារ​ការ​ប្រកួតនេះ ត្រូវបាន​លើកពេល ដោយសារ​អាជ្ញាធរ បាន​សម្រេច​បិទខ្ទប់ ខេត្ត​សៀម​រាប ចំនួន​១សប្តាហ៍ នាពេលកន្លងមកនេះ៕​